ខេត្តព្រះសីហនុ៖ លោក ផន រឹម អ្នកនាំពាក្យ និងអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិដ្ឋភាពបច្ចុប្បន្នភាពកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ) នៅថ្ងៃទី២០ ខែកក្កដានេះ ស្ថិតក្នុងគម្រោងថែទាំ ជួសជុលប្រចាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដាម្សិលមិញនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាង១០ថ្ងៃមកហើយ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ពេលដាច់គ្រាប់ភ្លៀង ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោង ដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកនេះ៕ដោយ៖តារា