អាជ្ញាធរបារាំងបានប្រមូលមកវិញនូវដបទឹកដែកម៉ាក Paris 2024 ដែលមានផ្ទុកសារធាតុ Bisphenol A ច្រើនហួសប្រមាណ តិចជាងមួយសប្តាហ៍មុនពេលចាប់ផ្តើមព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉ារីស នាឆ្នាំ២០២៤នេះ។
គេហទំព័ររដ្ឋាភិបាល Rappel Conso បានឲ្យដឹងថា ដបដែលផលិតដោយក្រុមហ៊ុនបារាំង Vilac មានកម្រិតនៃសារធាតុគីមីដែលមិនអនុលោមតាមបទប្បញ្ញត្តិ។ ដបដែលត្រូវបានលក់នៅប្រទេសបារាំងចាប់ពីចុងខែសីហា ឆ្នាំ២០២៣ រហូតដល់ដើមខែមិថុនា មិនមានបង្ហាញនៅលើហាងអនឡាញ Vilac ទៀតទេ។
អ្នករៀបចំកម្មវិធីព្រឹត្តិការណ៍កីឡាអូឡាំពិក Paris 2024 បានអះអាងថា “ការពិភាក្សាជាមួយអ្នកផ្តល់អាជ្ញាប័ណ្ណកំពុងដំណើរការដើម្បីស្វែងយល់ពីមូលហេតុនៃការមិនអនុលោមតាមច្បាប់ និងដើម្បីធានាថាមានវិធានការសមស្រប” ។
សារធាតុ Bisphenol A ត្រូវបានហាមប្រាមក្នុងប្រទេសបារាំងតាំងពីឆ្នាំ២០១៦ បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាព រួមទាំងជំងឺមហារីកសុដន់ និងភាពគ្មានកូន។
តំណាងក្រុមហ៊ុនលោក Vilac មិនអាចសុំការអត្ថាធិប្បាយបានទេ ខណៈដែលមន្ត្រី Paris 2024 ក៏មិនទាន់អាចសន្និដ្ឋានបានថា ប៉ុន្មានដបត្រូវបានប្រមូលមកវិញនោះទេ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣០ នាទីក្រុងប៉ារីស ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដាខាងមុខនេះ ៕ (រូបភាព ៖ CNA)