រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបង្ការទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ៖ ដោយផ្អែកលើស្ថានភាព កម្ពស់ទឹកនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក មានការកើនឡើងជាលំដាប់ ដោយសារ ជំនន់ទឹកភ្លៀង ដែលបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃកន្លងមកនេះ អាចនឹងឈានទៅបង្កឱ្យមានគ្រោះទឹកជំនន់ ប៉ះពាល់ ដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុកមួយចំនួន។ ដូច្នេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានជាយថាហេតុ និងត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលាពីផលប៉ះពាល់ ធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងអស់ ជាពិសេស បងប្អូន ដែលរស់នៅ និងប្រកបមុខរបរនេសាទតាមដងទន្លេ និងតំបន់ងាយរងគ្រោះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមប្រាមកូនចៅតូចៗ កុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់សម្ភារៈ និងឯកសារសំខាន់ៗ ឱ្យបាន ត្រឹមត្រូវ តាមដានជាប្រចាំអំពីស្ថានភាពទឹកជំនន់ និងការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្វែងរកទីទួល សុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីទទួលរងការលិចលង់ ណាមួយកើតឡើង។

ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំសកម្មភាពត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេស ត្រៀមរៀបចំទីទួលសុវត្ថិភាពសមស្រប សម្ភារៈបរិក្ខា និងមធ្យោបាយចាំបាច់នានា ក្នុងការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមាន គ្រោះទឹកជំនន់កើតឡើង និងត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាអនាម័យសុខភាព ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ដែលងាយកើតមានឡើងបណ្តាលមកពីទឹក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print