ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ៖ យុវជនចេះជួយឈឺឆ្អាលរឿងសង្គមជាតិ ជារឿងត្រឹមត្រូវ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង សីលធម៌ សុជីវធម៌ និងមានឧត្តមគតិស្នេហាជាតិ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាព និងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។
ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិនិងមនសិការជាតិ និងមានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច។
សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នា និងជេរតគ្នា បែបនេះ វាក៏អាចខុសតគ្នាដែរ។ បើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថាស្នេហាជាតិៗ! បែបនេះគឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ៕