តៃវ៉ាន់៖ សកម្មភាពការងារ និងលុបចោលជើងហោះហើរ ជាច្រើនដោយសារព្យុះ Gaemi

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤ បានផ្សាយថា តៃវ៉ាន់ កំពុងត្រៀមខ្លួនចំពោះការមកដល់នៃព្យុះទីហ្វុង Gaemi នៅថ្ងៃពុធនេះ ដោយផ្សារហិរញ្ញវត្ថុត្រូវបិទជាបណ្តោះអាសន្ន ចំណែកប្រជាពលរដ្ឋបានផ្អាកសកម្មភាពការងារ រីឯជើងហោះហើរត្រូវបានលុបចោល ខណៈទាហានប្រុងបៀប ជួយសង្រ្គោះ។

អាហារដ្ឋានានា នៅតំបន់ជនបទ Yilan ជាកន្លែងដែលព្យុះទីហ្វុងបោកបក់មកដល់មុនគេ បានបិទទ្វារ ខណៈដែលការធ្វើចរាចរណ៍តាមផ្លូវជាច្រើនត្រូវបានផ្អាក។ រីឯ សកម្មភាពធ្វើការងារ និងសាលារៀនត្រូវបានផ្អាកទូទាំងកោះតៃវ៉ាន់ ដោយស្ទើរតែគ្មានអ្នកធ្វើដំណើរនោះទេ នៅតាមដងក្នុងរដ្ឋធានីតៃប៉ិ។ មនុស្សជាង ២,០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ភ្នំ ដែលមានប្រជាជនរស់នៅតិច និងមានហានិភ័យខ្ពស់ នៃការរអិលបាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំង។ បើតាមក្រសួងដឹកជញ្ជូន ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ត្រូវបានលុបចោល រួមទាំងជើងហោះហើរអន្តរជាតិចំនួន ២០១។ ប្រតិបត្តិការផ្លូវដែកទាំងអស់ នឹងឈប់ដំណើរការចាប់ពីពាក់កណ្តាលថ្ងៃត្រង់ ដោយមានតែខ្សែរថភ្លើងល្បឿនលឿន រវាងភាគខាងជើង និងខាងត្បូងតៃវ៉ាន់ ប៉ុណ្ណោះដែលនៅដំណើរការ។ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Cho Jung-tai បានប្រាប់កិច្ចប្រជុំនៃមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្នថា «២៤ម៉ោងក្រោយ នឹងឃើញមានបញ្ហាប្រឈមធ្ងន់ធ្ងរ»។
អាជ្ញាធរឧតុនិយមនិយាយថា តាមការព្យាករណ៍ Gaemi ដែលនឹងក្លាយជាព្យុះដ៏មានឥទ្ធិពលបោកបក់លើ កោះតៃវ៉ាន់ មិនធ្លាប់មានរយៈពេល ៨ឆ្នាំ អាចទៅដល់តំបន់ឆ្នេរសមុទ្រភាគឦសាន នាល្ងាចថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ ក្រោយមក នឹងវិវត្តន៍ទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលមានកម្លាំងខ្យល់បក់រហូតដល់ ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ វាទំនងជាបោកបក់ទៅលើខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន នៅយប់ថ្ងៃព្រហស្បតិ៍៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print