យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអុីតាលីលោកស្រី Giorgia Meloni នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 31 ខែកក្កដា ក្នុងដំណើរលើកដំបូងរបស់លោកស្រីចាប់តាំងពីចូលកាន់តំណែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មជាមួយប្រទេសចិន។
នាយករដ្ឋមន្ត្រី Meloni ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang ក្នុងអំឡុងពេលទស្សនកិច្ច។ ក្រុមហ៊ុនផលិតសំបកកង់ Pirelli & CSpA ក្រុមថាមពល ENI ក្រុមឧស្សាហកម្មជាតិ Leonardo អ្នកផលិតស្រា និងក្រុមម៉ូដប្រណីតអុីតាលីមួយចំនួនដូចជា Dolce & Gabbana ស្ថិតក្នុងចំណោមក្រុមហ៊ុនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាធុរកិច្ចអុីតាលី-ចិនដែលនឹងប្រារព្ធឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី 28 ខែកក្កដា ដល់ថ្ងៃទី 29 ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំអុីតាលី។
ក្នុងឆ្នាំ 2019 ប្រទេសអុីតាលីបានក្លាយជាប្រទេស G7 តែមួយគត់ដែលបានចូលរួមក្នុងគម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនដែលត្រូវបានគេស្គាល់ថា ជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ប៉ុន្តែបានដកខ្លួនចេញពីប្រទេសនេះកាលពីឆ្នាំមុនក្រោមសម្ពាធរបស់អាមេរិក។
យោងតាមទិន្នន័យដែលបានចេញផ្សាយថ្មី អុីតាលីមានចំណូលពាណិជ្ជកម្មប្រចាំឆ្នាំ 73.9 ពាន់លានអឺរ៉ូ (80.13 ពាន់លានដុល្លារ) ជាមួយប្រទេសចិន។
ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានបង្ហើបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងឧស្សាហកម្មត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី Meloni លើកនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
សិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលារបស់វេទិកាធុរកិច្ចនឹងត្រូវបានផ្តោតដល់វិស័យរថយន្ត។ រដ្ឋាភិបាលអុីតាលីកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តចិនដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តធំមួយទៀតមកកាន់ប្រទេសបន្ថែមលើក្រុមហ៊ុន Stellantis និងបង្កើនការផលិតរថយន្តជាតិ៕ ដោយ: ធីរីណា
រូបថត: Reuters