សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចេញញត្តិគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) National Union Alliance Chamber of Cambodia (NACC) តំណាង ៧សហភាពសហជីព ដែលមាន ៥៨ សហព័ន្ធសហជីព និងអង្គការ-សមាគម មានសមាជិក-សមាជិកា ជាកម្មករ-និយោជិត គ្រូបង្រៀន និស្សិតបញ្ញវន្ត កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិគាំទ្រសារសំលេងពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។

នៅក្នុងញត្តិចុះថ្ងៃទីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ ហើយគម្រោងនេះវានឹងមិនធ្វើឱ្យមានការបាត់បង់ទឹកដីដូចការញុះញុង់ បំភ្លៃការពិត របស់ក្រុមជ្រុលនិយមនោះឡើយ។

នៅក្នុងញត្តិនោះដែរ បានឱ្យដឹងថា គម្រោងនេះអាចជួយបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមថែមទៀតផង។ ក្រៅពីនេះគម្រោងនេះ ក៏បានជួយទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើមតាមរយៈកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣នេះ។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការចំពោះការបំភ្លៃទាំងឡាយរបស់ក្រុមប្រឆាំង ហើយសូមអំពាវនាវដល់កម្មករ និយោជិតទាំងអស់ សូមបន្តចូលរួម និងគាំទ្រដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print