ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ លើកិច្ចសហប្រតិបត្តិការ ប្រឆាំងអំពើពុករលួយ រវាងអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា (ACU) អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតឡាវ (SIA) និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ (NACC) ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ទី ៣១ ខែ កក្កដា ដល់ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ។
កិច្ចប្រជុំក្រុមការងារត្រីភាគីនេះ ស្ថិតក្រោមប្រធានបទ «ការអប់រំ និងការបង្ការទប់ស្កាត់អំពើពុករលួយនៅក្នុងការផ្តល់សេវាសាធារណៈ”» ដោយផ្អែកលើគោលបំណង និងខ្លឹមសារដែល បានចែងក្នុងមាត្រា ៤៨ និងមាត្រា ៤៩ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ (UNCAC) ។ កិច្ចប្រជុំ ក៏ផ្តោតលើការពិភាក្សា និងចែករំលែកនូវយុទ្ធសាស្ត្រទាក់ទងនឹងការអប់រំ និងការបង្ការ-ទប់ស្កាត់អំពើពុករលួយ ព្រមទាំងផ្លាស់ប្តូរ យោបល់នូវរាល់បញ្ហាប្រឈមរួមដែលកើតមានពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ការពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរបស់មន្ត្រី ដែលបម្រើការងារនៅតាមព្រំដែន និងការងារពាក់ព័ន្ធផ្សេងៗទៀត។
បន្ថែមពីលើរបៀបវារៈនៃកិច្ចប្រជុំនេះ គណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូព៌ និងការិយាល័យ ច្រកចេញចូលតែមួយខេត្តសៀមរាប ព្រមទាំងដំណើរទស្សនកិច្ចកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទ តាព្រហ្មផងដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារត្រីភាគីនេះ បានប្រារព្ធឡើងចំនួន ០២ លើករួចមកហើយ ដែលលើកទី១ បានប្រារព្ធឡើងក្នុងឆ្នាំ ២០១៨ នៅខេត្តអ៊ូប៊ុនរ៉ាត់ចាថានី នៃព្រះរាជាណាចក្រថៃ និងលើកទី២ ក្នុងឆ្នាំ ២០១៩ នៅខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ៖តារា