ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានធ្វើអត្តឃាត ដោយបានទិញសាំងបីដប មកចាក់ស្រោចលើខ្លួនប្រាណ រួចដុតខ្លួនឯង ទាំងរស់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម នៅចំណុចទីតាំងដីឡូតិ៍ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤នេះ។
មន្ត្រីនគរបាលស្រុកពញាក្រែមបានប្រាប់ឲ្យដឹងនាព្រឹក ថ្ងៃទី២៦ ខែកក្កដានេះថា គេបានឃើញបុរសឈ្មោះ ហម ដន អាយុ៣៦ឆ្នាំ រស់នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ បានមកជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងផ្លុងទី១ ទើបតែបានរយៈពេល៥ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែមានរឿងហេតុនេះបានកើតឡើង ដោយមិនមានអ្នកភូមិណាម្នាក់ទៅជួយអន្តរាគមន៍បានទាន់ពេលនោះទេ ។
ប្រភពខាងលើបន្តឲ្យដឹងទៀតថា៖ កាលពីវេលាម៉ោង១២និង ៥០នាទី ថ្ងៃត្រង់ទី២៥ ខែកក្កដាឆ្នាំ២០២៤នេះ បានចូលហូបបាយនៅផ្ទះលក់មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងផ្លុងទី១ ព្រមទាំងបញ្ចូលថ្មទូរស័ព្ទផ្ញើអ្នកលក់បាយ ហើយបុរសនេះបានដើរចេញតាមបណ្ដោយផ្លូវ ថ្នល់ចម្ងាយប្រមាណជាង៥០ម៉ែត្រ ពីកន្លែងនោះ ហើយក៏បានយកសាំងចំនួនបីដបតូចស្មើមួយលីត្រកន្លះ ចាក់ស្រោចលើខ្លួនប្រាណ រួចគូសដែកកេះដុតខ្លួនតែម្ដង បណ្ដាលឱ្យឆេះបង្កការភ្ញាក់ផ្អើលតែម្តង។
នៅក្នុងហេតុការណ៍នេះ មិនមានអ្នកណាជួយជនរងគ្រោះបានទាន់ពេលវេលាទេ ជាហេតុបណ្ដាលឱ្យដួលដេកទៅលើដី បន្ទាប់មកបានស្លាប់។ បន្ទាប់មកទើបរថយន្តសង្គ្រោះបន្ទាន់បានមកដល់ ក្នុងគោលបំណងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែហួសពេលបាត់ទៅហើយ ។
ជាមួយនោះសមត្ថកិច្ចបានស្រាវជ្រាវ ហើយផ្ទះលក់បាយក៏បានយកទូរស័ព្ទដៃមួយគ្រឿងដែលជនរងគ្រោះបានផ្ញើទុកនៅទីនោះ។ ពេលយកមកហើយមើលតាមបណ្ដាញសង្គមឆាតប្រាប់ទៅគេឯងរួមទាំង Telegram រូបគេសុំលាអ្នកទាំងអស់គ្នាគ្មានថ្ងៃវិលវិញ ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុដែលបុរសនេះដាច់ចិត្តធ្វើអត្តឃាតយ៉ាងដូច្នេះ អាចមានការពាក់ព័ន្ធទៅនឹងរឿងលុយកាក់ដោះស្រាយមិនចេញ ឬមានវិបត្តិផ្លូវចិត្តអ្វីមួយបានជាគិតខ្លី ដោយសម្រេចចិត្តទិញសាំងមកចាក់ស្រោចលើខ្លួនដុតទាំងរស់ ធ្វើអត្តឃាតយ៉ាងដូច្នេះ ។ បុរសដែលស្លាប់នេះ មានរហស្សនាមជានាយចេកខ្ចី នៅក្រុមកំប្លែងមួយនៅរាជធានីភ្នំពេញ ហើយរយៈពេល៥ខែ ទៅ១ឆ្នាំ ទើបវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងខេត្តក្រចេះម្ដង ។
រហូតដល់វេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៤នេះត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់សពឲ្យទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ ។
ដោយឡែកមុន MC ចេកខ្ចី សម្រេចចិត្តធ្វើអត្តឃាត គេបានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកកាលពី ៤ ថ្ងៃមុន ពោលគឺនៅថ្ងៃទី ២០ ខែកក្កដា កន្លងទៅ លោកបានប្រមូលរូបថតអនុស្សាវរីយ៍ចាស់ៗជាច្រើនមកបង្ហោះ ព្រមជាមួយពាក្យពេចន៍ប្លែកៗ បង្គប់អារម្មណ៍សោកស្ដាយ ក្រៀមក្រំ ព្រមទាំងមានពាក្យសម្ដីលាអ្នកទាំងអស់គ្នាយ៉ាងក្ដុក្ដួលទៀតផង ប៉ុន្ដែគ្រប់គ្នាហាក់ស្មានមិនដល់ថាលោកគិតខ្លីបែបនេះឡើយ។
សារដ៏កម្សត់នោះនាយចេកខ្ចី បានរៀបរាប់ថា ៖ «អ្វីៗនៅសល់តែអនុស្សាវរីយ៍ប៉ុណ្ណោះ ស្ដាយណាស់ខ្ញុំមិនអាចជួបរឿងទាំងនេះទៅមុខទៀត។ ដល់ពេលវេលា ដែលខ្ញុំត្រូវឃ្លាតឆ្ងាយពីបងប្អូនហើយ។ មើលទៅខ្ញុំអស់ បុណ្យត្រឹមនេះហើយ។ ផែនដីនេះលែងមានចំណែកខ្ញុំទៀតហើយ។ សុំទោសអ្នកម្ដាយរបស់កូនផង ដែលអ្វីៗកូនមិនបានធ្វើដើម្បីអ្នកម្ដាយបន្តទៀតបាន ព្រោះកូនអស់ក្តីសង្ឃឹមនឹងបន្តដំណើរទៅមុខទៀតហើយ មនុស្ស ជាទីស្រឡាញ់ទាំងឡាយអើយខ្ញុំទៅមុនហើយ…..សូមអាហោសិកម្មឱ្យខ្ញុំគ្រប់ៗគ្នាផង សាធុ សាធុ”៕