ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីម្សិលមិញ។
សូមជម្រាបថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ នៅទីក្រុងហាណូយ កម្ពុជា បានជូនពរវៀតណាមឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។
ជាមួយគ្នានោះ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ដោយ៖តារា