ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកប្រធានផ្សារ និងលោកតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌផងដែរ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងកិច្ចប្រជុំនេះដែរ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានត្រួតពិនិត្យរបៀបវារៈរបស់អង្គប្រជុំរួមមាន ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ (២៥.០៦.២០២៤) របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤។ ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកាបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ សម្រាប់រយៈពេលដប់ពីរ(១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។
ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា លោកបានបញ្ជាក់បន្ថែមថា សូមឲ្យមន្រ្តីនៅទូទាំងខណ្ឌ និងសង្កាត់ត្រូវត្រៀមលក្ខណះឲ្យបាមរួចរាល់គ្រប់ទីគ្នាគ្រប់ទីកន្លែងដើម្បីថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ខាងមុននេះ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា សូមមន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការបើកការដ្ឋាន “ព្រែកជីកហ្វូណនតែជោ” នឹងរៀបចំការទូងស្គរ និងវិធីផ្សេងៗទៀតតាមលទ្ធិភាព ដើម្បី ជាការអបអរសាទរ នៅថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ។
លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជានេះជាស្នាដៃ និងជាកេរដំណែល ដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរប្រកបដោយកិត្តិបណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់ទុកសម្រាប់កូនចៅក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រ៉ាប់រយរ៉ាប់ពាន់ជំនាន់៕