នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវិភាគប្រាប់ថា ៖ «យន្តហោះបោកធ្លាក់ទៅខាងស្ដាំដែលនៅខាងអ្នកបើកបរ (Pilot) ទើបធ្វើឱ្យអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវពលី»ក្រោយមកលោក ស៊ុន ផល្លា បានរកឃើញស្លាប់ចម្ងាយដី ជាង២១០ម៉ែត្រពីយន្តហោះធ្លាក់ !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ពីស្ថានភាពសពអាកាសយានិក ខេង ឆៃយុទ្ធ និងអាកាសយានិក ស៊ុន ផល្លា ដែលបានពលីក្នុងហេតុការណ៍ធ្លាក់យន្តនោះនៅភ្នំយ៉ាវយ៉ៃ ក្នុងប្រតិបត្តិការ ១៧-១៨ថ្ងៃ រកឃើញសាកសពទាំងពីរ គឺសពអាកាសយានិក ខេង ឆៃយុទ្ធ រកឃើញនៅម៉ោង៥និង២២នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានពលីនៅជាប់នឹងកៅអីយន្តហោះតែម្ដង ។ ដោយឡែក សពលោក ស៊ុន ផល្លា រកឃើញនៅម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងចម្ងាយដីប្រមាណជា ២១០ម៉ែត្រពីយន្តហោះធ្លាក់។

សូមបញ្ជាក់ថា ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីស្ថានភាពសពអាកាសយានិក ខេង ឆៃយុទ្ធ គឺបានពលីនៅជាប់នឹងកៅអីឧត្ថម្ភាគចក្រដែលធ្លាក់នៅភ្នំយ៉ាវយ៉ៃនោះ ហើយនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ដោយសារអាកាសធាតុអំណោយផលល្អ កងប្រតិបត្តិការនៅលើឧត្ថម្ភាគចក្ររុករកក៏បានបើកចូលទៅភូមិសាស្ត្រភ្នំយ៉ាវយ៉ៃ ក៏បានមើលឃើញឧត្ថម្ភាគចក្រធ្លាក់ក្នុងព្រៃទីនោះ។ ទទួលបានព័ត៌មានដូច្នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលនៅប្រចាំការនៅទីគណៈបញ្ជាការរុករក ក៏បានបញ្ជាទៅកងកម្លាំងថ្មើរជើងឱ្យចូលទៅកាន់ទីតាំងធ្លាក់ឧត្ថម្ភាគចក្រនោះ ហើយបានចូលទៅដល់នៅវេលាម៉ោង ៤៖១០នាទី រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក៏ឃើញសពអាកាសយានិក ខេង ឆៃយុទ្ធ បានពលីនៅជាប់នឹងកៅអីយន្តហោះតែម្ដង។ ហើយដំណឹងច្បាស់ការណ៍ពិតប្រាកដ នៅម៉ោង៥និង២២នាទីល្ងាច។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវិភាគប្រាប់ថា «យន្តហោះបោកធ្លាក់ទៅខាងស្ដាំដែលនៅខាងអ្នកបើកបរ (Pilot) ទើបធ្វើឱ្យអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវពលី»។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា «នៅថ្ងៃនេះ កងកម្លាំងបានវិចខ្ចប់យកសពអាកាសយានិក ខេង ឆៃយុទ្ធ នាំយកទៅកន្លែងដែលឧត្ថម្ភាគចក្រអាចចុះបាន ដើម្បីដឹកបន្តតាមឧត្ថម្ភាគចក្រយកមកទីគណៈបញ្ជាការរុករក មុននឹងបញ្ជូនទៅភ្នំពេញ ដើម្បីពិធីបុណ្យសពតាមប្រពៃណី»។
លោកថា ៖ ពីកន្លែងធ្លាក់យន្តហោះមកកាន់កន្លែងដែលឧត្ថម្ភាគចក្រអាចចុះបាននោះ គឺមានចម្ងាយឆ្ងាយដែរ ហើយក៏ត្រូវចាំអាកាសធាតុអំណោយផល មេឃស្រឡះ កុំមានខ្យល់ខ្លាំងដែរ មិនអាចទៅយកទាំងខ្យល់ទាំងភ្លៀង ឬក៏ពពកឡើងអ័ព្យនោះទេចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់ តាមរយៈប្រអប់ខ្មៅនេះ។ ចំណែកតួយន្តហោះទាំងមូល នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនសិន ប្រសិនបើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

បន្ទាប់ពីរកឃើញសពអាកាសយានិក ខេង ឆៃយុទ្ធ កងកម្លាំងប្រតិបត្តិការរុករកក៏បានបន្តការរុករកទៀត គឺត្រូវតែរកឱ្យឃើញ ទោះបីអាកាសធាតុ ភូមិសាស្ត្រលំបាកយ៉ាងណាក៏ដោយ។
គួរឱ្យសោកស្ដាយណាស់ តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរក នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា បន្ទាប់ពីកើតហេតុភ្លាម ប្រហែលអាកាសយានិក ស៊ុន ផល្លា មិនទាន់ស្លាប់នោះទេ ព្រោះឃើញមានអាវបាំងជ្រកភ្លៀងនៅកន្លែងបែកបាក់យន្តហោះនោះ ប៉ុន្តែក្នុងពេល១៨ថ្ងៃមកនេះ គឺប្រហែលជាគាត់មិនអាចទ្រាំបាន ទាំងគ្មានអាហារ ភ្លៀងធ្លាក់ជាប់ អាកាសធាតុក៏ត្រជាក់។ តែយ៉ាងណាគេមិនទាន់ដឹងថា គាត់ស្លាប់ដោយអត់អាហារ ឬដោយរងរបួសនោះទេ គឺមិនទាន់ដឹងច្បាស់នោះទេ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយឧត្តមសេនីយ៍ គន់ គីម និងកងប្រតិបត្តិការទាំងឡាយគឺពិតជាមានការសោកស្ដាយណាស់ចុះពោះការពលីរបស់អាកាសយានិកទាំង២រូបនេះ។
សូមជម្រាបថា សពអាកាសយានិកទាំង២៖ គ្រួសាររបស់អ្នកបើកបរឈ្មោះ ស៊ុន ផល្លា, ប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ, កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ, កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ * អាសយដ្ឋាន ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គ្រួសាររបស់អ្នកបើកបរ ខេង ឆៃយុទ្ធ, ប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ, កូនស្រី ខេង ឌឹមរកត អាយុ៥ឆ្នាំ, កូនប្រុស ខេង ឌីវិភព អាយុ៣ឆ្នាំ * អាសយដ្ឋាន ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ នាងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា ៖ ស្ថិតក្នុងវេលាដ៏វិយោគសោកសៅនេះ នាងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពោរពេញដោយក្ដីសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង ២ រូប សូមបានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏
សូមជម្រាបថា ៖ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ បានលើកឡើងថា សម្តេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំ បានណែនាំថា ភាពជោគជ័យ ត្រូវតែរកឲ្យឃើញអាកាសយានិក ដែលបានបាត់ខ្លួន ប៉ុន្តែក៏ត្រូវធានាសុវត្ថិភាព មិនត្រូវឲ្យមានបញ្ហាអីកើតឡើងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «យន្តហោះយើងប៉ុនប៉ងចូលកន្លែងហ្នឹង មិនតិចជាង ១០ដងទេ។ ២ថ្ងៃនេះ គ្រាន់តែប៉ុនប៉ងចូល ៣ ទៅ៤ដង ពីម្សិលមិញ (ថ្ងៃទី២៩ ខែកក្កដា) ឱកាសល្អមែនទែន… ខាងនេះបានបញ្ជាទៅឲ្យបុកចូលកន្លែងហ្នឹង មួយជួរហ្នឹង គ្រាន់តែបុកចូលទៅឃើញភ្លាម។ អីចឹងបានន័យថា កន្លងមក បើធាតុអាកាសមិនបញ្ហា យើងអាចរកឃើញតាំងពីពេលវេលាហ្នឹងនោះ។ ប៉ុន្តែ ដូចខ្ញុំនិយាយមុនហ្នឹង គ្រាន់តែប៉ុនប៉ង ១០ដង។ សម្តេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំ គាត់ណែនាំណាស់ថា ភាពជោគជ័យ ត្រូវតែរកឲ្យឃើញ ប៉ុន្តែក៏ត្រូវធានាសុវត្ថិភាព មិនត្រូវឲ្យមានបញ្ហាអីកើតឡើងដែរ»។
លោកបានបន្តថា «អីចឹង យន្តហោះទៅក៏ត្រូវពិនិត្យមើលអាកាសធាតុ ថា ខ្យល់យ៉ាងម៉េច ពពកយ៉ាងម៉េច ដើម្បីធានាសុវត្ថិភាព ទើបទៅបាន ព្រោះកន្លែងដែលរកឃើញ មិនមែនស្មើអីចឹងទេ វាចោទ ជាឆ្អឹងជំនីភ្នំ អីចឹងគ្នាទៅ បើផ្អៀងតែបន្តិច ខ្យល់វាបោក អីចឹងតែបោកមិនស្រួល វាចូលដល់ជញ្ជាំងភ្នំហើយ។ ពេលខ្លះ គ្រាន់តែចូលទៅពពកវាយមកភ្លាម ត្រូវថយមកសិន។ នេះជាបញ្ហា ជាឧបសគ្គណាស់ ចិត្តរបស់អ្នកចង់រក ចិត្តរបស់រាជរដ្ឋាភិបាល ចង់តែមកដល់ឃើញភ្លាម សង្គ្រោះបានភ្លាម ប៉ុន្តែដូចខ្ញុំបាននិយាយ វាជាឧបសគ្គ ដែលជាធម្មជាតិ ដែលបានកើតឡើង ធ្វើឲ្យយើងពន្យាពេលរកឃើញ»។
លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ៖ លោកពិតជាកោតសរសើររាល់ការលះបង់របស់កងកម្លាំង ក្នុងប្រតិបត្តិការរុករក ឧទ្ធម្ភាចក្រ គ្រប់ជាន់ថ្នាក់ ជាមួយនឹងតំបន់ដ៏លំបាក ប៉ុន្តែតស៊ូ គ្រប់រូបភាព ដែលដឹកនាំដោយផ្ទាល់ពីមេបញ្ជាការវរះ មេកងពល ចូលក្នុងព្រៃជ្រៅ រួចឡើងមកដេកលើចុងឈើ ខ្លាចសត្វផ្សេងៗខាំ រួចងើបន្តដំណើរបេសសកម្មរុករក ជាប្រចាំ រហូតដល់មានយុទ្ធជនយើងម្នាក់អស់កម្លាំងសន្លប់បាត់ស្មារតី ត្រូវយកមកសង្រ្គោះជាបន្ទាន់ ។
សូមបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំ និងកម្លាំងរុករក បានសែនជ្រូកខ្វៃចំនួន២ក្បាល ដើម្បីបែរបន់សុំឲ្យជួយបើកផ្លូវ ស្វែងរកឃើញអាកាសយានិកម្នាក់ទៀត លោក ស៊ុន ផល្លា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។

ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ៖ ក្រោយបន់ស្រន់រួច កម្លាំងរុករកបានរកឃើញសពលោក ស៊ុន ផល្លា តែម្តង។

នៅតំបន់ព្រៃភ្នំ ទាល់តែមានរបៀបបន់ស្រន់ និងជឿលើអាគមផ្សំអាយូស ទើបអាចជាផ្លូវនាំទៅរកឃើញគោលដៅ ដែលជាទំនៀមទម្លាប់តាំងពីដូនតារបស់យើង។
លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានបញ្ជាក់ទៀតថា ៖ កម្លាំងដែលចុះទៅរុករក បានរៀបចំបន់ស្រន់ដូចគ្នា ទើបរកឃើញ តែជាអកុសល អ្នកទាំង២ បានទទួលមរណភាព ទាំងក្តីរន្ធត់ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសព អាកាសយានិក ។
មុននេះបន្តិច ! ក្រសួងការពារជាតិសូមជូនដំណឹងដល់សាធារណៈជនជ្រាបថា៖
ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។

សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។
ជាមួយការជូនដំណឹងនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជា ពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print