ឧបនាយករដ្ឋមន្ត្រីទៀ សីហា អញ្ជើញជាអធិបតីភាពក្នុង ពិធីបំពាក់គ្រឿងឥស្សរិយយសជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលប្រកបដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយ ជូនកងអនុសេនាធំវិស្វកម្ម ដែលទើបបញ្ចប់បេសកកម្មពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល ពិធីផ្ទេរប្រគល់ថវិការបបគោលនយោបាយ អ.ស.ប ដល់យោធិនរងរបួស និង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍គម្រោងវិភាគឧបសគ្គនៃការចូលរួមរបស់ស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាពព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៤ នាទីស្តីការក្រសួងការពារជាតិ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និង ជាអគ្គនាយកមជ្ឈមណ្ឌលជាតិ  បានមានប្រសាសន៍ថា៖ បច្ចុប្បន្នកម្ពុជាមានកងកម្លាំងរក្សាសន្តិភាព សរុប៦២៧នាក់ បានបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន៤ក្នុងនោះរួមមានស្រ្តី១៣១រូបស្មើនឹង២០.៨%។ ចំពោះការចូលរួមរបស់ស្រ្តីក្នុងតំបន់បេសកកម្មវិញ រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រនូវការចូលរួមរបស់ស្រ្តីក្នុងប្រតិបត្តិការរក្សាសន្តិភាព ជាពិសេសសម្រេចបាននូវតម្រូវការរបស់ អ.ស.ប ដែលកំណត់ ១៥% ជាស្រ្តី្កនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប និង ២៥%ជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ ឯកឧត្តម មានប្រសាសន៌បញ្ជាក់បន្ថែមទៀតថា៖ អនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និង ការបង្កើនភាពអង់អាចក្លាហានរបស់ស្រ្តីនៅគ្រប់វិស័យជាអាទិភាព យោធិននារីត្រូវបានបញ្ចូលទៅក្នុងគ្រប់ជំនាញ និង គ្រប់លំដាប់ថ្នាក់ រួមទាំងការងារបោសសំអាតមីន កំទេចគ្រឿងផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា និង លំដាប់ថ្នាក់ដឹកនាំ នៅតាមបេសកកម្មមួយចំនួនដូចជានៅប្រទេសលីបង់ និង ស៊ូដង់ខាងត្បូងដែលបច្ចុប្បន្នដើរតួនាទីជាមេបញ្ជាការកង។ ចំណុចវិជ្ជមានទាំងអស់នេះ ជាមេរៀនដ៏មានតម្លៃ ដែលរបាយការណ៍គម្រោងបានកត់សម្គាល់ថាជាអភិក្រមដ៏ជោគជ័យរបស់កម្ពុជា សម្រាប់អាចចែករំលែកដល់បណ្តាប្រទេសបរិច្ចាគកម្លាំងដទៃៗទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមាប្រសាសន៌៖ អបអរសាទរជាមួយកងកម្លាំងរក្សាសន្តិភាពនៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលប្រកបដោយជោគជ័យ និង ស្នាដៃដ៏ត្រចះត្រចង់ដែលកងកម្លាំងមួកខៀវសម្រេចបាន ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ ។ សមិទ្ធផលនិងស្នាដៃដ៏ត្រចះត្រចង់ដែលកងរក្សាសន្តិភាពសម្រេចបាននាពេលនេះសរឱ្យឃើញនូវសមត្ថភាព និងសក្តានុពលដ៏ខ្លាំងក្លារបស់កងទ័ពយើង ក្នុងការធ្វើសមាហរណកម្មខ្លួន ចូលក្នុងប្រព័ន្ធពហុជាតិរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលខិតខំលើកកម្ពស់កិត្តិយសកម្ពុជាដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត ដោយស្មើភាព ស្មើ សិទ្ធិជាមួយប្រទេសនានានៅគ្រប់កិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងបានប្តេជ្ញាចិត្តបញ្ជូនកងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការ សង្កេតការណ៍យោធា និងមេបញ្ជាការជានារីរហូតដល់២០% តាមសំណូមពររបស់អង្គការសហប្រជាជាតិ និង ខិតខំកែលម្អការងារគ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្ត្រីឱ្យស្របទៅនឹង ទស្សនៈ Gender បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

...

សូមបញ្ជាក់ថា៖  ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់គ្រឿងឥស្សរិយយសជូនដល់នាយទាហាន ក្នុងកងអនុសេនាធំវិស្វកម្មជំនាញ លេខ៤២៣ដែលបានបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលប្រកបជោគជ័យផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print