ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនយុវសិស្សចំនួនពីរនាក់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែ គឺ៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។
ប្រភពដដែលបន្តថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានធ្វេីការស្រាវជ្រាវនិងឃាត់យុវជនចំនួន០២នាក់និងម៉ូតូ០១គ្រឿងនាំមកអធិការដ្ឋានសាកសួរ បន្ទាប់ពីទទួល ព័ត៌មានតាមរយៈបណ្តាញសង្គមថាពួកគេទាំងពីរនាក់នេះ ធ្វេីសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កនូវភាពអាណាធិបតេយ្យ។
ជាមួយនេះសមត្ថកិច្ចដកហូតម៉ូតូដែលជិះបង្ហោះនោះរក្សាទុករយៈពេល០៣ខែស្មេីនឹង៩០ថ្ងៃ និងតម្រូវឱ្យធ្វេីពលកម្មនៅអធិការដ្ឋាននគរបាលស្រុក មុននឹងឱ្យឱពុក ម្តាយ ធានាយកទៅមូលដ្ឋានវិញ។
សូមឪពុក ម្តាយ អាណាព្យាបាល យកចិត្តទុកដាក់អប់រំកូន ចៅ កុំឱ្យប្រព្រឹត្តិសកម្មភាពបែបនេះ និងសកម្មភាពល្មេីសផ្សេងទៀត ពិសេសយុវជនទាំងអស់ត្រូវបញ្ឈប់នូវសកម្មភាពអាណាធិបតេយ្យនៅមូលដ្ឋានជាបន្តទៀត៕ដោយ៖តារា