ភ្នំពេញ : នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានលើកឡើងថា ក្នុងកិច្ចសន្ទនាមួយជាមួយសម្តេច នរោត្តម សីហនុ នាថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨២ លោក តេង ស៊ាវពីង បានលើកឡើងពីយុទ្ធសាស្ត្រកំណែទម្រង់ដ៏ស៊ីជម្រៅរបស់គាត់ទូលថ្វាយសម្តេច នរោត្តម សីហនុ។ យុទ្ធសាស្ត្រកំណែទម្រង់របស់គាត់នេះហើយ ដែលរុញច្រានប្រទេសចិនឱ្យដើរមកដល់ថ្ងៃនេះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានបន្តថា : យុទ្ធសាស្ត្រកំណែទម្រង់ដ៏សំខាន់នេះ គឺផ្តោតលើស្ថិរភាពនយោបាយ លុបចោលស្ថាប័នត្រួតសមត្ថកិច្ចគ្នា កាត់បន្ថយចំនួនអង្គភាពដែលរីកប៉ោងនិងមានមនុស្សច្រើនជ្រុល កាត់បន្ថយមុខតំណែងអនុប្រធានដ៏ច្រើនហួសហេតុ និងសុំឱ្យកម្មាភិបាលចាស់ៗចូលនិវត្តន៍។
ខាងក្រោមនេះជាសម្រង់ផ្នែកមួយនៃប្រសាសន៍របស់លោកក្នុងកិច្ចសន្ទនានោះ ៖
…«ឥឡូវនេះយើងកំពុងធ្វើកំណែទម្រង់ស្ថាប័ន។ យើងត្រូវតែជម្នះលើការិយាធិបតេយ្យឱ្យខាងតែបាន។ យើងត្រូវតែលុបបំបាត់ស្ថាប័នដែលមានសមត្ថកិច្ចត្រួតគ្នា ចំនួនស្ថាប័នដែលចេះតែរីកប៉ោងធំហួសប្រមាណ និងអង្គភាពឬនាយកដ្ឋានមានមនុស្សច្រើនជ្រុល។ បញ្ហាទាំងនេះគឺពាក់ព័ន្ធនឹងការចូលនិវត្តន៍របស់មនុស្សជាច្រើន។ យើងមានឧបនាយករដ្ឋមន្ត្រី (Vice Premiers) ច្រើនពេកនៅក្នុងក្រុមប្រឹក្សារដ្ឋ ដែលធ្វើការមិនទាន់សភាពការណ៍ឬធ្វើការមិនកើត។ ឯកសារផ្លូវការត្រូវចរាចរណ៍ទៅច្រើនកន្លែងហួសប្រមាណ ឯកសារមួយៗអាចត្រូវការចំណារយល់ព្រមជាងបួនដប់កន្លែង។ តើការងារមួយអាចសម្រេចទៅដោយរបៀបណា បើអង្គភាពមួយៗមានអនុប្រធានដ៏ច្រើនសម្បើមបែបនេះ? កិច្ចការរបស់ក្រសួងនិងគណៈកម្មការនានានៃរដ្ឋាភិបាលត្រូវបានបែងចែកច្រើនជ្រុល។ មានក្រសួង និងគណៈកម្មាការជាង៩០ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សារដ្ឋ។ ក្រសួង និងគណៈកម្មាការទាំងនោះជាច្រើនគួរតែត្រូវបានបញ្ចូលគ្នា។ បញ្ហាមួយទៀតគឺកម្មាភិបាល (មន្ត្រី)ចាស់ៗដែលមានអាយុកាន់តែច្រើន។ យើងត្រូវតែដោះស្រាយបញ្ហានោះ គឺយើងត្រូវដោះស្រាយពេលនេះ, បើយើងមិនដោះស្រាយពេលនេះ តើពេលណាយើងដោះស្រាយ? ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំ អ្នករាល់គ្នានឹងមានអាយុកើនឡើងមួយឆ្នាំជារៀងរាល់ឆ្នាំ។ យើងដោះស្រាយវាឱ្យដូចជាបដិវត្តន៍ ប៉ុន្តែជាបដិវត្តន៍ប្រឆាំងនឹងស្ថាប័ន គឺមិនមែនជាបដិវត្តន៍ប្រឆាំងនឹងប្រជាជនទេ។ តាមបទពិសោធន៍របស់យើងក្នុងរយៈពេលមួយខែនៃការងារកំណែទម្រង់ស្ថាប័ន យើងអាចឃើញថា ការងារនេះដំណើរការបានរលូន ហើយយើងនឹងទទួលបានជោគជ័យ។ ជោគជ័យនៃការងារនេះបង្ហាញថាប្រទេសយើងមានស្ថិរភាពនយោបាយ។
នៅពេលយើងលើកពីបញ្ហានេះ មានការពិភាក្សាជាច្រើននៅក្នុងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ពួកគេបាននិយាយថា វាជារឿងល្អ ប៉ុន្តែវានឹងពិបាកសម្រេចបានណាស់។ ឥឡូវនេះយើងនឹងបញ្ជាក់តាមរយៈការអនុវត្តថា វាមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនចំណាយពេលយូរដែរ។ ពីដំបូង កំណែទម្រង់នេះត្រូវបានគេរំពឹងថា នឹងចំណាយពេលពីរឆ្នាំនៅកម្រិតមជ្ឈិម (ថ្នាក់ជាតិ)។ ប៉ុន្តែឥឡូវនេះ យើងនឹងបញ្ជាក់តាមរយៈបទពិសោធន៍ថា វាមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិនចំណាយពេលយូរនោះទេ យើងអាចធ្វើវាបានក្នុងរយៈពេលប្រាំពីរឬប្រាំបីខែតែប៉ុណ្ណោះ។
យើងអាចអនុវត្តការងារកំណែទម្រង់ស្ថាប័នដោយរលូនព្រោះយើងសម្រេចបាននូវស្ថិរភាពនយោបាយ និងការបន្តនិរន្តរភាពនៃគោលនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាការណ៍ពិតណាស់ នេះជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែសមមិត្តរបស់យើងនៅក្នុងបក្ស ជាពិសេសកម្មាភិបាលចាស់ៗ បានយល់ស្របជាឯកច្ឆ័ន្ទពីការចាំបាច់ក្នុងរឿងនេះ។ នេះគឺជាលក្ខខណ្ឌអំណោយផលណាស់។
ស្ទើរតែគ្មានប្រទេសសង្គមនិយមណាមួយអាចដោះស្រាយបញ្ហានេះបានទេ។ យើងកំពុងបង្កើតបទពិសោធន៍ដំបូងគេលើរឿងនេះ។»…