ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានផ្ញើលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ខ្ញុំបាទសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង នាឱកាសដ៏នក្ខត្តឫក្ស នៃទិវាខួបកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងសារជូនពរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ក្នុងវេលាប្រកបដោយសិរីមង្គលនេះ ខ្ញុំបាទសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះគំរូបវីរភាពដ៏អង់អាចមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបានពុះពារជម្នះឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដើម្បីបុព្ធហេតុជាតិ និងប្រជាជន អស់រយៈពេលជាង ៤ទសវត្សរ៍កន្លងមក នាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹងនេះ ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត ត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងគឺ “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយជាកេរដំណែល និងស្នាដៃប្រកបដោយគុណតម្លៃដ៏មានសក្តានុពល សម្រាប់ជនរួមជាតិខ្មែរ ក្នុងដំណើរបន្តធានាបានរឹងមាំនូវអធិបតេយ្យ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព ដ៏យូរអង្វែងតទៅអនាគត។

...

ក្នុងសារលិខិតជូនពរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៀតថា នាឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print