ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បញ្ជាក់ឱ្យដឹងថា ៖ ផ្តើមខែថ្មីត្រឹមតែ២ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានក្មេងទំនើងបង្ហោះម៉ូតូ ចំនួន ២៦នាក់ ឃាត់ម៉ូតូរក្សាទុករយៈពេល០៣ខែ ចំនួន១៥គ្រឿង! បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ តាមរយៈសារសម្លេងពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ស្រាប់តែត្រឹមរយៈពេល០២ថ្ងៃដើមខែសីហានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន១៥គ្រឿង ក្នុងនោះរួមមាន៖ នៅថ្ងៃទី៣១ ខែកក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ០៤គ្រឿង ដែលបានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់។
នៅយប់ថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ០៣គ្រឿង នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រសិនបើបងប្អូន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូន៕
ដោយ ៖ សិលា