សម្តេចរដ្ឋសភាធិបតីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រៀបចំពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានយ៉ាងច្រើនកុះករ ក្រោមបរិយាកាសសប្បាយរីករាយ និងជាទីមោទនភាពជាតិបំផុតចំពោះគម្រោងប្រវត្តិសាស្រ្ត ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច សង្គម កិត្យានុភាពជាតិ ជាពិសេសការពង្រឹងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកកម្ពុជា ភ្ជាប់ទៅកាន់ពិភពលោកដ៏មានតម្លៃមហាសាល។

ប្រជាពលរដ្ឋខ្មែរទាំងក្នុង​ និងក្រៅប្រទេស បាននាំគ្នាមូលមីចូលរួមអបអរសាទរពីទីកន្លែងរៀងៗខ្លួន យ៉ាងគគ្រឹកគគ្រេងអឺងកង។ រីឯនៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានអញ្ជើញទូងស្គរជ័យ ចំណែកអ្នកចូលរួមបានទះដៃអបអរសាទរ បង្ហោះប៉េងប៉ោង បន្លឺសំឡេងយ៉ាងកងរំពងសប្បាយរីករាយ ព្រមៗគ្នានៅវេលាម៉ោង៩:០៩ នាទី ស្របពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុចប៊ូតុងបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ថ្នាក់ដឹកនាំ សមាជិក-សមាជិកា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្រ្តីអាណត្តិទី៦ បានដាក់ចេញនូវគម្រោងជាទីមោទនភាពជាតិនេះឡើងប្រកបកបដោយទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់។

...

ជាមួយគ្នានេះ រដ្ឋសភា សូមគាំទ្រយ៉ាងទំហឹងចំពោះឆន្ទៈមនសិការស្នេហាជាតិខ្ពស់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានការអនុវត្តជាក់ស្តែងឆ្ពោះទៅរកភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្ត សំដៅបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើននៃមាតុភូមិកម្ពុជាដ៏រុងរឿង និងបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន ឯកភាពជាតិ និងជាមោទនភាពរបស់ជាតិយើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print