ឯកឧត្ដម ឃួង ស្រេង បានចូលរួមពិធីប្រគំតន្ត្រី និងអុជ កាំជ្រួច អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅមជ្ឈមណ្ឌល កោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការចំណាយលើគម្រោងការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ អស់ថវិកាប្រមាណ១៧០០ លានដុល្លារ អាមេរិក ក្រោមទម្រង់វិនិយោគBOT ក្នុងនោះភាគហ៊ុនវិស័យឯកជនក្នុងស្រុក មាន៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាល យើងបានគោរពតាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។

      ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមនិងលោកជំទាវ អញ្ជើញជាធិបតី ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី និងអុជកាំជ្រួច អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅមជ្ឈមណ្ឌល កោះពេជ្រ នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោង ព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលបានបើកការដ្ឋានក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ នឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយ៉ាង ពិតប្រាកដ ពីព្រោះថា ព្រែកជីកនេះ គឺជាការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ (ដៃទន្លេ) ទៅនឹងផ្លូវដឹកជញ្ជូនសមុទ្រ ឆ្លងកាត់ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល  តាកែវ កំពត និងខេត្តកែប មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងមានការសិក្សា យ៉ាងលម្អិតលើផល ប៉ះពាល់សង្គម-បរិស្ថានក្នុងកម្រិតទាបបំផុត ក្នុងនោះ ការចំណាយលើគម្រោងនេះ ត្រូវបានប៉ាន់ស្មាន ថវិកាចំនួន ១.៧០០ លានដុល្លាអាមេរិក ក្រោមទម្រង់វិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដែល ភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលយើងបានគោរព តាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។

     ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងសាងសង់ ព្រែកជីកហ្វូណន តេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

     ឯកឧត្ដមបន្តថា៖ នៅពេលគម្រោងនេះអនុវត្តរួចរាល់ យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ភស្តុភារកម្ម, អភិវឌ្ឍផែរណបថ្មីៗ, ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងកសិដ្ឋាន ដែលនឹងជួយគាំទ្រ ដល់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រមទាំងបង្កើតការងារបន្ថែម, ជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ភាពរីកចម្រើនផ្នែកអចលនវត្ថុ និងការវិនិយោគផ្សេងៗ ដែលនេះ គឺជាផលប្រយោជន៍ខ្មែរសុទ្ធសាធនិង ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជា។

       ឯកឧត្ដមបន្តទៀតថា៖ ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានបានយល់ដឹងយ៉ាងច្បាស់ថា សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺជាឥស្សរជននយោបាយកំពូល ដែលតែងតែបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំង បានផ្តល់តម្លៃខ្ពស់បំផុតចំពោះសច្ចភាពប្រវត្តិសាស្ត្រ និងតម្លៃមិនអាចកាត់ថ្លៃបាននៃ “សន្តិភាព និងស្ថិរភាពនយោបាយ” ហើយប្រជាជនកម្ពុជាគ្រប់រូបបាននឹងកំពុងបន្តរួមគ្នា ប្តេជ្ញាថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានា ដែលប្រមុខ រាជរដ្ឋាភិបាល បានខិតខំពុះពារជម្នះរាល់ការលំបាក ទម្រាំដណ្តើមបានជ័យជម្នះ ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ ឬ កម្លាំងណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិ ទោះក្នុងតម្លៃណាក៏ដោយ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print