ខេត្តឧត្តរមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៃខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីវាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណសួនច្បារទល់មុខសាលាខេត្ត។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងចំពេល ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត។
ក្នុងនាមគណៈអភិបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ យើងខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងចំពោះការកសាងសមិទ្ធផលប្រវត្តិសាស្តមួយថ្មីបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧត្តមប្រយោជន៍យ៉ាងមហាសាលជូនប្រទេសជាតិ និងប្រជាជន៕