សម្រង់ខ្លឹមសារសំខាន់ៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្រនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ចែករំលែក៖

ភ្នំពេញ៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាសមិទ្ធិផល សម្រាប់បម្រើដល់ផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីភាពរឹងមាំ នៃកម្លាំងសាមគ្គីឯកភាពជាតិក្នុងសង្គមកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលនឹង ប្តេជ្ញាធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន និងដើម្បីពង្រឹងឯករាជ្យភាពនៅក្នុងវិស័យដឹកជញ្ជូន ផ្លូវទឹករបស់កម្ពុជា។

ការថ្លែងបែបនេះ​របស់​សម្ដេចធិបតី​នាយករដ្ឋមន្ត្រី​ ក្នុងឱកាសដ៏មហោឡារិកនោះ សម្តេចធិបតី​ បានចូលរួម​អបអរសាទរ ចំពោះនិស្សិត ជ័យលាភីចំនួនប្រមាណ ៥៦១ នាក់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ លើមុខជំនាញផ្នែកវិទ្យាសាស្ត្រ សុខាភិបាល និងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញកម្មវិធីនយោបាយ អាទិភាពចំនួន ៦ ដែលសុទ្ធតែផ្តោតសំខាន់ទៅលើកត្តា «មនុស្ស» ក្នុងនេះ ចំពោះវិស័យសុខាភិបាល ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជន និងភាពធន់ នៃសង្គម រាជរដ្ឋាភិបាលបានចំណាយយ៉ាងច្រើនលើវិស័យសុខាភិបាលក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ចុងក្រោយនេះ ជាក់ស្តែង ចំណាយសរុបលើវិស័យសុខាភិបាលនៅកម្ពុជា ក្នុងឆ្នាំ ២០២៣ បានកើនឡើង ដល់ចំនួនប្រមាណ ២២៩៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៧៣ លានដុល្លារអាមេរិក ដោយមាន កំណើនជិត ៣ដង បើធៀបនឹងឆ្នាំ ២០១៣ ដែលមានត្រឹមចំនួន ៩០៣ ប៊ីលានរៀល សមមូលនឹង ប្រមាណ ២២៦ លានដុល្លារអាមេរិក ។ ទន្ទឹមនេះ ការដាក់ចេញប្រព័ន្ធគាំពារសុខភាពសង្គម ដែលរួមមាន មូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានដាក់ឱ្យអនុវត្ត និង ពង្រីកវិសាលភាព ជាបន្តបន្ទាប់ ដោយគិតត្រឹមខែមីនា ឆ្នាំ២០២៤ មូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់លើពលរដ្ឋគោលដៅ ប្រមាណ ៤,៧ លាននាក់ ។ ដោយឡែក របបសន្តិសុខសង្គម ផ្នែកថែទាំ សុខភាព កំពុងគ្របដណ្តប់លើពលរដ្ឋគោលដៅប្រមាណ ២,១ លាននាក់ ។ ជារួម, បច្ចុប្បន្ន, ពលរដ្ឋ ចំនួនប្រមាណ ៧ លាននាក់ នៃពលរដ្ឋសរុប ត្រូវបានគ្របដណ្តប់ ដោយប្រព័ន្ធគាំពារសុខភាពសង្គម ។ លើសពីនេះរាជរដ្ឋាភិបាល បានដាក់ចេញគោលដៅត្រឹម២០៣៥ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវទទួលបាន ប្រព័ន្ធគាំពារសុខភាពសង្គម ទាំងអស់គ្នា ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ ។

ចំពោះវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចធិបតី បានជំរុញការរៀបចំ គោលនយោបាយ សម្រាប់បង្កើតបរិស្ថានអំណោយផល និងជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបន្តតម្រង់ទិសចំពោះការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ ហើយបន្តជំរុញការរៀបចំសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ (STI Park) សារមន្ទីរវិទ្យាសាស្ត្រ (Science Museum) ក៏ដូចជា ការរៀបចំ និងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន (ASEAN Technology Transfer Hub) ។ សម្រាប់កម្ពុជា, ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព សេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋអាចទទួលបាននូវ ផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល តែងតែចាត់ទុកស្ថាប័នឧត្តមសិក្សាជាដៃគូសហការដ៏ជិតស្និទ្ធ និងមិនអាចខ្វះបាននៅក្នុងការតម្រង់ទិសអនាគតមូលធនមនុស្ស ឱ្យចំគោលដៅ ដោយផ្អែកលើចក្ខុវិស័យរួមប្រកបដោយមហិច្ឆតារបស់កម្ពុជា ។ ស្ថាប័នឧត្តមសិក្សា គឺជា តួអង្គពាក់ព័ន្ធដ៏សំខាន់ក្នុងការធានារបស់យុវជនជំនាន់ក្រោយកម្ពុជា ឱ្យមានជំនាញសម្រាប់អនាគត មានភាពធន់ មានសមត្ថភាពសម្របខ្លួនបានឆាប់រហ័ស និងតាមទាន់ការវិវឌ្ឍជឿនលឿននៃបរិការណ៍សង្គម និងបច្ចេកវិទ្យា ។ ជាមួយគ្នានេះសម្តេចធិបតីបានលើកទឹកចិត្តឱ្យស្ថាប័នឧត្តមសិក្សា ចូលរួមប្រើប្រាស់ឱ្យអស់លទ្ធភាពនូវ យន្តការ និងប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់សហគ្រិនភាព ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីចូលរួម ចំណែកបង្កើតការងារ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែទូលំទូលាយ ។

...

មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសដែលបានចូលរួមសាទរចំពោះព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា កន្លងមកនេះ ដោយបានបង្ហាញយ៉ាងច្បាស់ថាសមិទ្ធផលនេះមិនត្រឹមតែជាសមិទ្ធផលសម្រាប់ បម្រើដល់ផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីភាពរឹងមាំនៃកម្លាំងសាមគ្គីឯកភាពជាតិ ក្នុងសង្គមកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលនឹងប្តេជ្ញាធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ ដើម្បី ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ព្រមទាំងដើម្បីធានានូវឯករាជ្យភាព នៅក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print