សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជំរុញការកសាងព្រែកជីកហ្វូណនឱ្យខាងតែបាននឹងបញ្ចប់ក្ដីមន្ទិលសង្ស័យរបស់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហា ម្សិលមុិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានក្រុមអ្នកវិភាគមួយក្តាប់តូច នៅតែរិះគន់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ បើទោះបីជាគម្រោងនេះបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការកសាងព្រែកជីក ហ្វូណនតេជោ គឺនឹងធ្វើឱ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ ក្រោយគម្រោងនេះសាងសង់រួចជាស្ថាពរហើយនោះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជំរុញគម្រោងនេះឱ្យចេញជារូបរាង ដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាជនខ្មែរទាំងមូលនោះ។

ខណៈដែលក្រុមអ្នកវិភាគខ្លះ បាននិយាយថា គម្រោងព្រែកជីកនេះ សាងសង់មានភាពបត់បែនច្រើន មិនធ្វើត្រង់ ដោយសារតែពុករលួយ និងខ្លះទៀតនៅតែនិយាយច្រំដែលៗថា ការសាងសង់នូវគម្រោងនេះ នឹងបាត់បង់នូវអធិបតេយ្យជាតិជាដើម ។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានបញ្ជាក់ថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវធ្វើបត់បែន មិនធ្វើ ត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះជីកកន្លែងថ្មី មានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយគ្រប់ស្ថាប័នរដ្ឋ ឯកជន និងតាមសាលារៀន វត្តអារាមទាំងអស់ ដែលបានវាយជួង ទូងស្គរ និងរគាំងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលចំពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះ។ សម្តេចនៅតែនិយាយអះអាងថា គម្រោង ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា ដូចជាការពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុធម្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីក និងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញជាដើម។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលជាអ្នកសិក្សា បញ្ញវ័ន្តនិស្សិតរបស់យើង អារម្មណ៍យើងខ្លាចបាត់អធិបតេយ្យភាព បាត់ជាតិរបស់យើង ប៉ុន្តែការវាយតម្លៃ ត្រូវផ្អែកលើសមិទ្ធកម្មជាក់ស្ដែង ថាតើនៅក្នុងប្រទេសយើង នៅក្នុងការកសាងព្រែកជីករបស់យើង ឬមួយក៏ការអភិវឌ្ឍទិសឦសានរបស់យើង និងការអភិឌ្ឍន៍កន្លែងណាមួយរបស់យើង តើសមិទ្ធកម្មលើដីបញ្ជាក់ថា ខ្មែរកាន់តែខ្សោយត្រៀមឲ្យគេទេ ឬមួយក៏កាន់តែខ្លាំងរឹងមាំ។ ខ្ញុំគិតថា នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ជាពិសេសក្រោយសង្គ្រាមយើងបញ្ចប់ឆ្នាំ១៩៩៨ នៅគ្រប់កន្លែងទាំងអស់នៅកម្ពុជា គឺមានការរីកចម្រើន ខ្មែរកាន់តែខ្លាំងនៅក្នុងកន្លែងនោះ»។
ជាដំណោះស្រាយ ចំពោះការបារម្ភរបស់បងប្អូនអំពីការបង់បាត់ទឹកដី និងអធិបតេយ្យភាពជាតិ នៅភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារាជរដ្ឋាភិបាល បាននិងកំពុងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់បងប្អូនកាន់តែច្រើន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print