ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំកំពង់លួង បានឲ្យដឹងនាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ប្រទះឃើញសពបុរសម្នាក់អណ្ដែកទឹកបឹងទន្លេសាប ។
សេចក្ដីរាយការណ៍ពីអាជ្ញាធរដដែលឲ្យដឹងទៀតថា សពជនរងគ្រោះត្រូវបានគេប្រទះឃើញនៅព្រែក មាត់បឹងទន្លេសាប ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបានបញ្ជាក់ទៀតថា សពត្រូវបានគេស្គាល់ ឈ្មោះ លី យ៉ាំងចង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្ នាក់នៅផ្ទះផែបណ្ដែតលើផ្ទះទឹកបឹងទន្លេសាបស្ថិតនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់(នៅលីវ)។
ប្រភពព័ត៌មានដដែលបញ្ជាក់បន្ថែមទៀតថា បន្ទាប់សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ យ៉ាងយកចិត្តទុកដាក់រួចមកឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គល់នោះទេ ជនរងគ្រោះអាចបណ្ដាលមកពីផឹកស៊ីស្រវឹងជោគជាំ សពធ្វើកំណត់ហេតុទើបប្រគល់ជូនសាច់ញាត ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន