ភ្នំពេញ ៖ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វតនៅកម្ពុជា បង្ហាញពីការទទួលស្គាល់ស្ថិរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពលកំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើអំណាចចាយវាយរបស់ទីផ្សារកម្ពុជាដែលមានបរិមាណកាន់តែរីកធំធាត់ឡើងស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគលើសាកលវិទ្យាល័យត្រូវការទុនច្រើន ជាពិសេសលើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទុននិងរឹង ដូច្នេះការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃដោយប្រាកដប្រជានិងដោយភាពប្រុងប្រយ័ត្នបំផុត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបើកសាកលវិទ្យាល័យបានជារឿងអស្ចារ្យម៉្យាងប៉ុន្តែការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើងឱ្យបានយូរអង្វែងនិងធានានិរន្តរភាពគ្រប់គ្រងគឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗត្រូវពិចារណាដោយប្រុងប្រយ័ត្នប្រយែង ទម្រាំមានការសម្រេចចិត្តបង្កើតសាខាដែលមានសំណង់អគារជារូបវ័ន្តនៅក្រៅប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (De Montfort) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ៕