អុីរ៉ង់បានព្រមានក្រុមហ៊ុនអាកាសចរណ៍ឱ្យជៀសវាងដែនអាកាសរបស់ខ្លួនដោយសារតែសមយុទ្ធយោធា ខណៈដែលអេហ្ស៊ីបនិងអង់គ្លេសបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេឱ្យជៀសវាងដែនអាកាសអុីរ៉ង់ និងលីបង់។
យោងតាមវិទ្យុ Sputnik (រុស្ស៊ី) កាលពីថ្ងៃទី៧ ខែសីហា រដ្ឋាភិបាលអុីរ៉ង់បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ ជៀសវាងដែនអាកាសរបស់ប្រទេសនេះ ដោយសារតែសមយុទ្ធយោធា។
ជាពិសេស ស្ថានីយទូរទស្សន៍អេហ្ស៊ីប Extra News បានដកស្រង់ប្រភពពីក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប ដែលបានបញ្ជាក់ថា ពួកគេបានទទួលការជូនដំណឹងពីរដ្ឋាភិបាលអុីរ៉ង់ ដែលស្នើសុំឱ្យជៀសវាងការហោះហើរក្នុងដែនអាកាស ដោយសារការធ្វើសមយុទ្ធយោធា ហើយបាននិយាយថា សេចក្តីជូនដំណឹងនេះត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក។
កាលពីថ្ងៃទី៧ ខែសីហា ក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ជាតិទាំងអស់របស់ប្រទេសនេះត្រូវបានណែនាំមិនឱ្យចូលដែនអាកាសអុីរ៉ង់រយៈពេល៣ម៉ោងនៅព្រឹកថ្ងៃទី៨ ខែសីហា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ “អាជ្ញាធរអុីរ៉ង់បានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលឆ្លងកាត់ដែនអាកាសអុីរ៉ង់ថា សមយុទ្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 7-8 ខែសីហា ចាប់ពីម៉ោង 11:30 ព្រឹក ដល់ម៉ោង 2:30 រសៀល (ម៉ោង 4 ដល់ 7 ល្ងាច GMT) នៅថ្ងៃទី 7 ខែសីហា និងចាប់ពីម៉ោង 4:30 ព្រឹក ដល់ម៉ោង 7:30 ព្រឹក (1 ដល់ 4:30 ព្រឹក GMT) នៅថ្ងៃទី 8 ខែសីហា” ។
នៅថ្ងៃដដែល Reuters បានរាយការណ៍ថា ចក្រភពអង់គ្លេសបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជៀសវាងដែនអាកាសអុីរ៉ង់ និងលីបង់ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់ បន្ទាប់ពីការធ្វើឃាតសមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស់នៅហ្គាហ្សា និងហេសបូឡាហ៍នៅលីបង់៕ ដោយធីរីណា
រូបថត: TTXVN