ខេត្តត្បូងឃ្មុំ ៖ «សហគមន៍កសិកម្មទំនើប»មួយទៀតនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់ បន្ទាប់ពីបានធ្វើការជាមួយគ្នាអស់រយៈពេលជិត២ខែ និងបានរៀបចំមហាសន្និបាតកំណើតដំបូងជាផ្លូវការរបស់ខ្លួនប្រកបដោយជោគជ័យរួចមក ។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថារួមមាន ៖
▪️ឈ្មោះ៖ «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ»
▪️សមាជិក៖ ៤២គ្រួសារ
▪️ទីតាំង៖ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
▪️ផ្ទៃដីផលិតកម្ម៖ ៦៧ហិកតា ប្រហាក់ប្រហែល១០មុឺនជន្លង់
▪️ក្រុមប្រឹក្សាភិបាល៖ ៧រូប គណៈកម្មាធិការត្រួតពិនិត្យ៖ ៥រូប
▪️សមត្ថភាពផលិតម្រេច៖ ២៥០តោន-៣០០តោន/ឆ្នាំ
លោក ឃឹម ហ្វីណង់ សង្ឃឹមថាយើងនឹងអាចដាក់ដំណើរការសហគមន៍នេះនៅក្នុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីផែនការអាជីវកម្មរបស់សហគមន៍ត្រូវបានបញ្ចប់រួចរាល់។ ក្រសួងក៏បានតភ្ជាប់ទីផ្សារជាមួយក្រុមហ៊ុនអន្តរជាតិចំនួន៣ ដែលនឹងនៅរង់ចាំទិញម្រេចផ្ទាល់ពីសហគមន៍រួចជាស្រេចហើយ រួមមាន៖ ក្រុមហ៊ុន Fuchs, ក្រុមហ៊ុន OLAM និងក្រុមហ៊ុន Sela Pepper។#សហគមន៍កសិកម្មទំនើប | #សហគមន៍ម្រេចមេមត់ត្បូងឃ្មុំ ៕