ភ្នំពេញ ៖ នៅទីបំផុត ! លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចផ្ទេរតំណែង លោក ឡុង ផលគុណ ចេញពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង មកបម្រើការងារនៅទីស្តីការក្រសួង ។ នេះបើតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយ លោកថោ ជេដ្ឋា នៅទី០៧ ខែសីហា ឆ្នាំ២០២៤ ហើយ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅទី៨ ខែសីហា ឆ្នាំ២០២៤ នេះ។
លោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សម្រេច ៖
ប្រការ ១… ផ្ទេរភារកិច្ចលោក ឡុង ផលគុណ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ប្រការ ២.. តែងតាំងលោក ខៃ សុដា ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ៤ ជាអនុប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង ទទួលបន្ទុកក្តាប់រួម។
ប្រការ ៣… បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។
ប្រការ ៤.. អគ្គនាយក អគ្គាធិការ ប្រធានគ្រប់អង្គភាពចំណុះក្រសួង និងសាមីជន ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕