ខេត្តរតនគិរី ៖ នាង រចំ ភៀង ដែលអ្នកភូមិបានអះអាងថា បានវង្វេងទៅរស់នៅក្នុងព្រៃនាពេលកន្លងទៅ និងរកឃើញវិញកាលពីឆ្នាំ២០០៧ ប្រមាណ១០ឆ្នាំមកហើយនោះ ស្រាប់តែឥឡូវនេះបានលេចមុខជនជាតិវៀតណាម មកអះអាងថា កូនគាត់ទៅវិញ ដែលមានជំងឺសរសៃប្រសាទបានបាត់ពីផ្ទះមុន១ឆ្នាំ នៃការរកឃើញនាង រចំ ភៀង ។
បើតាមលោក ពេវ អាយុ៧០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតារា២ ឃុំប៉ារ៉ាម៉ាក់ ស្រុកជីខេ ខេត្តយ៉ាឡាយ បានមកអះអាងថា នាង រចំ ភៀង ត្រូវជាកូនស្រីគាត់បាត់ពីផ្ទះកាលពីឆ្នាំ២០០៦ ហើយកូនស្រីនេះពីមុនឈ្មោះ សា មានស្លាកស្នាមកដៃឆ្វេង មានចំណងខ្សែចងទុកក្នុងផ្ទះ ហើយជាមនុស្សសរសៃប្រសាទ។
បុរសជនជាតិវៀតណាមរូបនេះបន្តទៀតថា គ្រួសារគាត់ជាជនជាតិដើមភាគតិច ផាណាល មានលិខិតបញ្ជាក់ពីអាជ្ញាធរវៀតណាម និងសាក្សីបញ្ជាក់ថា កូនស្រីគាត់ឈ្មោះ សា ឥឡូវនេះ គឺហៅនាងថា រចំ ភៀង ពិតជាកូនស្រីគាត់ដែលបានបាត់កន្លងទៅ។
បើតាមលោក រចំ ខាំភី អាយុ៣៨ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវបានប្រាប់ឲ្យដឹងថា នាង រចំ ភៀងនេះ ត្រូវជាបង ដែលរត់ចេញពីផ្ទះទៅរស់នៅក្នុងព្រៃ ហើយរកឃើញត្រឡប់មកផ្ទះស្នាក់នៅ និងទំនុកបំរុងផ្សេងៗ គាត់ជាអ្នករ៉ាប់រងទាំងអស់។ ស្រាប់តែលេចមុខជនជាតិវៀតណាម មកអះអាងថា ជាឪពុកទៅវិញ។
លោក រចំ ខាំភី បានបន្តទៀតថា ដោយមានជីវភាពក្រលំបាក គាត់និងក្រុមគ្រួសារបានពិភាក្សារគ្នាសុខចិត្តប្រគល់ស្ត្រីខាងលើឲ្យជនជាតិវៀតណាមវិញ ដោយសុខចិត្តទទួលយកការឧបត្ថម្ភចំនួន ១.៥០០ដុល្លារ ហើយការប្រគល់នេះដែរត្រូវរៀបចំឯកសារពីអាជ្ញាធរមូលដ្ឋានរហូតដល់ស្នងការនគបាលខេត្តបានត្រឹមត្រូវហើយទើបប្រគល់ជូនទៅឲ្យជនជាតិវៀតណាម។
ទាក់ទិនទៅនឹងករណីខាងលើនេះលោក ម៉ៅ សាន់ អធិការនគរបាលស្រុកអូរយ៉ាដាវ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី០១ ខែសីហា នេះថា រឿងមនុស្សព្រៃ លោកមិនទាន់ទទួលព៌ត៌មានច្បាស់នៅឡើយនោះទេ៕
ដោយ៖ វុទ្ធឦសាន