ខេត្តបាត់ដំបង៖ ស្រ្តីសង្ស័យម្នាក់រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងអាវុធហត្ថស្រុកសំពៅលូន ក្រោយពីស្រ្តីសង្ស័យបានជិះម៉ូតូ១គ្រឿងយកថ្នាំញៀនពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យក្នុងគោលបំណងយកមកលក់ចែកចាយនៅស្រុកសពៅលូន។
អាវុធហត្ថឃាត់ខ្លួនស្ត្រីសង្ស័យធ្វើឡើងកាលពីវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវសាធារណៈមួយកន្លែង ស្ថិតក្នុងភូមិស្រឡៅជ្រុំ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជាមួយនឹងការឃាត់ខ្លួនស្រ្តីឈ្មោះ លៀម រុំ អាយុ៤៣ឆ្នាំគ្មានមុខរបរពិតប្រាក បច្ចុប្បន្ន រស់នៅក្នុងភូមិអូរកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនwy ២០០គ្រាប់ ម៉ូតូសម្រាប់ធ្វើសកម្មភាព១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។
កម្លាំងអាវុធហត្ថស្រុកសំពៅលូនខេត្តបាត់ដំបងចេញបង្រ្កាបស្ត្រីសង្ស័យគ្រឿងញៀន បានសម្រេចនៅពេលនេះ ក្រោយពីមានការដាក់ចេញអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ត្រី ប៉ោវ ណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងការជម្រុញដល់កម្លាំងអាវុធហត្ថក្នុងខេត្តបាត់ដំបងក្រោមបង្គាប់ទាំងមូលត្រូវមានវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រសើរឡើង។
លោកអនុសេនីយ៍ឯក អាញ់ កាម៉ាល់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន ប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថបង្រ្កាបស្រ្តីសង្ស័យគ្រឿងញៀនធ្វើឡើង ក្រោយសមត្ថកិច្ចតាមដានស្រាវជ្រាវស៊ើបអង្កេតកំណត់បានមុខសញ្ញាស្ត្រីសង្ស័យតែងតែជិះម៉ូតូធ្វើសកម្មភាព យកថ្នាំញៀនពីស្រុកម៉ាឡៃ យកមកលក់ចែកចាយនៅស្រុកសំពៅលូនជាច្រើនលើករួចមកហើយ ទើបនៅថ្ងៃខាងលើសមត្ថកិច្ចក៏ស្ទាក់ចាប់ឃាត់នៅតាមផ្លូវសាធារណៈឆែកឆេររកឃើញថ្នាំញៀន២០០គ្រាប់តែម្តង។
ស្រ្តីសង្ស័យនិងវត្ថុតាងថ្នាំញៀននៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ត្រូវបានចាប់បញ្ជូនទៅកាន់ការិយាល័យជំនាញនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សំ វិច្ឆិកា