ខេត្តត្បូងឃ្មុំ ៖ គណៈបញ្ជាការឯកភាពស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន២.០០០ ដុល្លារអាមេរិក ដល់ការបង្រ្កាបទប់ស្កាត់ប្រឆាំងនឹងគ្រឿងញៀនចំនួន២ករណី នៅក្នុងមូលដ្ឋាន។ អាជ្ញាធរបានបញ្ជូនជនសង្ស័យ ចំនួន២នាក់ ដែលជាមេក្លោងបានប្រព្រឹត្តការជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងស្រុកពញាក្រែក ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
សូមបញ្ជាក់ថា ៖ កន្លងមក ដើម្បីអនុវត្តន៍បាននូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព លោក បណ្ឌិត អ៊ាង សុផល្លែត បានប្រកាសលើកទឹកចិត្ត និងផ្តល់ថវិកាលើកទឹកចិត្តចំនួន ១.០០០ដុល្លារ ក្នុង១ករណី ដល់កងកម្លាំងសមត្ថកិច្ច ដែលបង្រ្កាប និងចាប់បាន មេក្លោងជួញដូរគ្រឿងញៀន និងបញ្ជូនជនល្មើសទៅកាត់ទោសតាមច្បាប់ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។
ការគាំទ្រនឹងលើកទឹកចិត្ត របស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ដល់អាជ្ញាធរខេត្តត្បូងឃ្មុំ បានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរក្នុងការពង្រឹងការផ្សព្វផ្សាយ ទប់ស្កាត់ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់អាទិភាព ក្នុងការអប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ នាពេលកន្លងមក លោក អ៊ាង សុផល្លែត បានផ្សព្វផ្សាយនិងបានផ្តល់ការលើកចិត្តជាថវិកានិងសម្ភារៈ ដល់សមត្ថកិច្ចស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមគាំទ្រ ដល់វិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការលប់បំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជាផងដែរ៕