ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈនៅរាជធានីភ្នំពេញ និងខេត្ត អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់តិចតួច។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ជាមួយខ្យល់មូសុងនិរតី បានថយឥទ្ធិពល ខណៈសម្ពាធ ទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៣,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងភ្នំពេញអាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៣.៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ដោយ៖តារា