លោកស្រី កែ សួនសុភី ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី កែ សួនសុភី ភរិយាដ៏ឧត្តុង្គឧត្តមរបស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សម្រេចតែងតាំងជាប្រធានកិត្តិយសសមាគម នេះ ប្រចាំក្រសួងមហាផ្ទៃ។

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែសីហា ម្សិលមុិញ នេះ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយមានការចូលរួមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី  ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណ លោកស្រី កែ សួនសុភី ដោយចាត់ទុកភារកិច្ចជាប្រធានកិត្តិយសសមាគមនារីក្រសួងមហាផ្ទៃនេះ ថាជាអម្រែកបន្ថែមថ្មីមួយទៀតរបស់លោកស្រី បន្ថែមលើតួនាទីជាឧត្តមភរិយា និងជាមាតា ព្រមទាំងតួនាទីជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ និងក្រុមការងារផ្នែកសង្គម និងសាសនាជាច្រើនទៀត។

ក្នុងឱកាសនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ខ្ពស់ថាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀវឆ្លាស របស់លោកស្រី កែ សួនសុភី សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងមហាផ្ទៃ នឹងពិតជាសម្រេចបានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធ្វើឱ្យស្រ្តីក្នុងវិស័យមហាផ្ទៃកាន់តែទទួលបានឱកាស និងដើរតួនាទីសកម្មក្នុងការងារបម្រើជាតិ និងប្រជាជន។

សូមបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចាប់កំណើតតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ មហាសន្និបាតលើកចុងក្រោយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៩ បានប្ដូរឈ្មោះសមាគមនារី មកជា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីបន្តតួនាទីជាកម្លាំងចលករក្នុងការចូលរួមទ្រទ្រង់សង្គមជាតិ ឱ្យកាន់តែមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើន តាមរយៈការចូលរួមរបស់ស្ត្រី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print