ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេសរបស់​កម្ពុជា​ កើន​ឡើង ​១​៥​ ​ភាគរយ ក្នុងរយពេល៧ខែឆ្នាំ២០២៤នេះ បើ​ធៀប​នឹង​ឆ្នាំមុន​

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ឲ្យដឹង​ថា ​កំណើន​សេដ្ឋកិច្ចដ៏​រឹង​មាំ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ​១​៤​,​៧​៦​ ​ពាន់​លាន​ដុល្លារ​ទៅ កាន់​ទី​ផ្សារ​បរទេស ​ក្នុងរយៈពេល​ ​៧​ ខែ​នៃ​ឆ្នាំ​ ​២​០​២​៤​នេះ។​ ​តួលេខ​នេះ ​តំណាង​ឱ្យ​ការ​កើន​ឡើង​១​៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​នៅពេលដែល​ការនាំចេញ​សរុប​មាន​ចំនួន​ ​១​២​,​៩​ ​ពាន់​លាន​ដុល្លារ​។​

​របាយការណ៍បានឲ្យដឹងទៀតថា​ ​កម្ពុជា ​បាន​នាំចូល​ទំនិញ​ក្នុង​តម្លៃ​១​៦​,​៤​២​ ​ពាន់​លាន​ដុល្លារ ​​​ ​កើន​ឡើង​១​៥​,​៩​ ​ភាគរយ​ពី​១​៥​,​១​៩​ ​ពាន់​លាន​ដុល្លារ​ នៅក្នុងរយៈពេល ៧ខែ ដែល​បាន​កត់ត្រា​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ មុន​។​ ការកើនឡើងនេះ ​បាន​​​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ មាន​រហូតដល់​ទៅ​៣​១​,​១​៨​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​១​៥​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

របាយការណ៍​ដដែលបាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​ដ៏​ធំបំផុត​សម្រាប់​ផលិតផល​របស់​កម្ពុជា​ជាមួយនឹង​ការនាំចេញ​សរុប​ចំនួន​ ​៥​,​៥​១​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​៦​៤​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​ បន្ទាប់ មកគឺវៀតណាម​ ​និង​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ​និង​លេខ​៣​ ​ជាមួយនឹង​ការនាំចេញ​សរុប​ចំនួន​ ​២​,​២​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ​៣​៧​,​៧​ភាគរយ​ ​និង​ ​០​,​៩​៧​ ​ពាន់​លាន​ ​កើន​ឡើង​ ​១​៩​,​៧​ ​ភាគរយ​រៀង​គ្នា​។​

...

​គួរបញ្ជាក់ថា ឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​គឺជា​ប្រភព​ចំណូល​ព​រូបី​យ​ប័ណ្ណ​បរទេស​ធំបំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​ វិ​ស័​យ​នេះ​មាន​រោងចក្រ​ប្រហែល​ ​១​៣​០​០​ ​ដែល​មានកម្ម​ករ​ប្រមាណ​ ​៨​៥​០​.​០​០​០​ ​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​ ផលិតផល​នាំចេញ​សំខាន់​ៗ​របស់​កម្ពុជា​មាន​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ ​គ្រឿងចក្រ​ ​ឧបករណ៍​អគ្គិសនី​ ​ផលិតផល​ស្បែកជើង​ ​ស្បែក​ ​គ្រាប់​ធញ្ញជាតិ​ ​គ្រឿង​សង្ហា​រឹម​ ​កៅស៊ូ​ ​ផ្លែឈើ​ ​បន្លែ​ គុ​ជ​ ​ប្រដាប់​ក្មេង​លេង​ ​និង​វាយនភណ្ឌ​​ ខណៈ​ការនាំចូល​សំខាន់ៗ​របស់​កម្ពុជា ​រួម​មាន ​ថ្នាំ​ ​និង​ថ្នាំ​បំប៉ន​ ​គ្រឿង​ប្រើប្រាស់​ ​អាហារ​ ​និង​ភេសជ្ជៈ​ជាដើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print