ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។
សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើនទំនុកចិត្តនិងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបណ្តាក់ទុននៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា វិនិយោគិនកូរ៉េមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី, សិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់៕