ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលចូលទិញម្ហូបអាហារក៏ដូចជាក្រុមអាជីវករអង្គុយលក់ដូរត្រី សាច់ បន្លែ ផ្លែឈើគ្រប់មុខនៅក្នុងផ្សារព្រែកព្នៅ ស្ថិតក្នុងភូមិ-សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរអ៊ូរទាំ និងរិះគន់យ៉ាងខ្លាំងចំពោះប្រធានគ្រប់គ្រងផ្សារព្រែកព្នៅថា មានការយឺតយ៉ាវមិនទទួលខុសត្រូវពីបញ្ហាសំរាម និងគ្មានធុងសម្រាប់ដាក់សំរាម ដែលគរចោលនៅជុំវិញផ្សារឡើងរលួយស្អុយ រុយរោម កើតមានដង្កួវតូចធំវារចេញពីគំនរសំរាមគួរឲ្យខ្ពើមរអើមជាទីបំផុត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករបាននិយាយថា ប្រធានផ្សារនេះមិនបានយកចិត្តទុកដាក់ពីបញ្ហា អនាម័យសំរាមនេះទេ គឺដឹងតែឲ្យកូនចៅដើរប្រមូលតែលុយភាស៊ីតែប៉ុណ្ណោះ ទោះបីជាគំនរសំរាមចោលពាសវាលពាសកាលនៅជុំវិញផ្សារ និងក្នុងផ្សារ កន្លែងអាជីវករលក់ដូរចោលរាប់ខែឡើងរលួយស្អុយជះក្លិនអាសោចិ៍ បំពុលបរិស្ថាន មានសត្វរុយជាភ្នាក់ងារចម្លងរោគមកជាមួយផងដែរ ដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបងប្អូនអាជីវករដែលយកផ្លូវធ្វើជាផ្សាលក់ដូរ បណ្ដាលឲ្យកកស្ទះចរាចរណ៍ខូចសណ្ដាប់ធ្នាប់សន្តិសុខសង្គមបង្កភាពអាណាធិប្បតិយ យ៉ាងណាក៏ដោយ ក៏ប្រធានផ្សារចប្ចុប្បន្នមិនដែលខ្វល់ដែរ ធ្វើម៉េចឲ្យតែបានប្រយោជន៍ខ្លួន។
ក្រុមអាជីវករបន្តថា ពួកគាត់បានបង់ភាស៊ីមួយព្រឹក៥០០រៀល, ១.០០០រៀល, ២.០០០រៀល ទៅ ៣.០០០រៀល រហូតដល់ ១ម៉ឺន ទៅ២ម៉ឺនរៀលក៏មានដែរ តាមអ្នកលក់ទ្រង់ទ្រាយតូច-ធំមិនដែលខានមួយព្រឹកណាទេ ហេតុអ្វីបានជាសំរាមនៅតែគរចោលខាងក្រោយខ្នងពួកគាត់អង្គុយលក់ដូរដដែល មិនឃើញផ្នែកអនាម័យមកប្រមូលសោះ។ ទោះជាពួកគាត់សំណូមពរដល់អាជ្ញាធរជាញឹកញាប់ សូមឲ្យមានការប្រមូលសំរាមប្រចាំថ្ងៃក៏ប្រធានផ្សារព្រែកព្នៅនេះ មិនសូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ។
ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករលក់ដូរក្នុងផ្សារព្រែកព្នៅ សូមសំណូមពរដល់លោកអភិបាលខណ្ឌក៏ដូចជាលោកប្រធានមន្ទីរបរិស្ថាន សូមមេត្តាចាត់វិធានការជួយដោះស្រាយបញ្ហាសំរាមខាងលើនេះផង ដើម្បីកែលំអរសោភ័ណភាពជុំវិញផ្សារកុំឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិគេរិះគន់ ព្រោះប្រទេសយើងកំពុងជាប់លំដាប់ថ្នាក់ក្នុងការប្រឡងប្រណាំងទីក្រុងបរិស្ថានស្អាតផងដែរ៕
ដោយ៖ ព្រែកជ័យ