សាលាភាពយន្តអាចជួយលើកកម្ពស់វិស័យភាពយន្តខ្មែរឲ្យមានការប្រកួតប្រជែង

ចែករំលែក៖

ភ្នំពេញ៖សាលាបណ្តុះបណ្តាលផ្នែកភាពយន្តជាលើកដំបូងត្រូវបានប្រកាសបើកដំណើរកហើយកាលពីរសៀលថ្ងៃទី៣១ខែកក្កដានេះ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​លោកស្រីភឿង សកុណាបានលើកថា សាលាភាពយន្តអាចជួយលើកកម្ពស់វិស័យសិល្បៈ​ខ្មែរ​ពិសេសគឺការប្រកួតប្រជែងលើវិស័យភាពយន្តនៅក្នុងតំបន់និងជាសាកល។

​លោកស្រី ភឿង សកុណា បានបញ្ជាក់ការបើកសាលាបណ្តុះ​បណ្តាលភាព​យន្តនៅ​កម្ពុជាគឺជាផ្នែកមួយនៃការត្រៀមធនធានមនុស្សផ្នែកសម្តែងភាពយន្តមួយពិតប្រាកដដើម្បីត្រៀមកម្លាំងនៅក្នុងប្រទេសនិងត្រៀមក្នុងការប្រកួតប្រជែងក្នុងតំបន់។ លោកស្រីបញ្ជាក់​ដែរថា វិស័យសិល្បៈភាពយន្តនៅកម្ពុជាគឺមានសក្កដានុពលមួយស្រាប់ទៅហើយ​ហើយការ​បណ្តុះ​បណ្តាលក៏នឹងកាន់តែទាក់ទាញបន្ថែមទៀតពីក្រុមផលិតករមកពីបរទេស។លោក​ស្រីបញ្ជាក់ថា ការមានទេពកោសល្យពីធម្មជាតិនិងរូបសម្បត្តិមិនគ្រប់គ្រាន់សម្រាប់​សិល្បករ​​នោះទេគឺត្រូវមានចំណេះដឹង សមត្ថភាព និងមូលដ្ឋានគ្រឹះនៃសិល្បៈមួយចំនួន​ទៀត​​ជាដើមទុនដើម្បីឲ្យការសម្តែងកាន់តែប្រសើរក្រោយឆ្លងកាត់សិក្សាជាមួយសាស្ត្រា​ចារ្យជំនាញៗដែលសាលាបានដាក់ឲ្យបង្រៀន។ លោកស្រីរដ្ឋមន្ត្រីលើកឡើងថាឆ្លងតាម​ការ​បណ្តុះបណ្តាលប្រកបដោយបច្ចេកទេស និងគុណភាពរួមទាំងការផ្សព្វផ្សាយនោះ​លោក​ស្រីជឿជាក់សិល្បករជាច្រើននឹងចាប់អារម្មណ៍ចំពោះវគ្គវណ្តុះបណ្តាលនេះ។ លោកស្រីក៏ជឿជាក់ថា សិល្បករដែលទទួលបានការបណ្តុះបណ្តាលនេះក៏នឹងក្លាយ​ជាផ្លូវ​សម្រាប់ពួកគេឈោងចាប់ការសម្តែងជាមួយផលិតកម្មអន្តរជាតិដែលត្រូវការតារាសម្តែងតាមរយៈក្រសួងឬសាលា។

​កញ្ញា កែវ រ័ត្នកញ្ញា តំណាងផលិតកម្មរ័ត្នកញ្ញា ភាពយន្តបានបញ្ជាក់ថា គោល​បំណងនៃការបង្កើតសាលាសិល្បៈតារាកម្ពុជាគឺដើម្បីធ្វើការពង្រីក និងផ្សព្វផ្សាយ​វប្បធម៌​លើវិស័យតារាសម្តែងភាពយន្តខ្មែរ ជំរុញកំណើនទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ពិសេសគឺការអប់រំផ្នែក តារាភាពយន្ត តារាបង្ហាញម៉ូត ពិធីករ តារាចម្រៀង កំប្លែងដំបូង​នៅកម្ពុជានិងត្រៀមខ្លួនប្រកួតប្រជែងក្នុងវិស័យភាពយន្តអាស៊ាននិងលើឆាកអន្តរជាតិ។ កញ្ញា បញ្ជាក់ថា ជាជំហ៊ានដំបូងសាលាបានបើកដំណើរការ៣ទីតាំងគឺនៅ​សា​លវិ​ទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងនៅខេត្ត​សៀម​រាប។ ក្រោយពីបញ្ចប់វគ្គសិក្សានេះសិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា​ដែល​ទទួលស្គាល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយសាលាក៏នឹងបញ្ជូនសិល្បករ​ដែល​មានទេពកោសល្យខ្ពស់ចូលរួមសម្តែងក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

​លោកស្រី ថុង ស៊ីវទៀត សមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងជាចាងហ្វាងផលិតកម្ម ចក្រវាឡពេជ្រភាពយន្តបានលើកឡើងថា ការបង្កើតឲ្យមាន​សាលាបណ្តុះបណ្តាលសិល្បៈភាពយន្តនៅកម្ពុជាគឺជាជំហ៊ាមថ្មីមួយទៀតដើម្បីពង្រីកនិងពង្រឹងសមត្ថភាពសិល្បករខ្មែរកាន់តែល្អប្រសើរ។ លោកស្រីបញ្ជាក់ដែរថា សិល្បករនឹង​ទទួល​បានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានគ្រឹះមួយចំនួនដែលបន្ថែមទៀតដើម្បី​ជាទុនសម្រាប់ឈានជើងប្រកួតប្រជែងជាមួយសិល្បករក្នុងតំបន់ ពិសេសពួកគេនឹង​ក្លាយ​ជាធនធានមនុស្សសម្រាប់ការផលិតខ្សែភាពយន្តរបស់កម្ពុជា។

​គួរបញ្ជាក់ដែរថា ការបើកដំណើរការសាលាបណ្តុះបណ្តាលភាពយន្ត​ដំបូងគេនៅ​កម្ពុជា​នេះគឺកើតឡើងក្រោមកិច្ចសហការពីផលិតកម្មតាន់តាន់ ផលិតកម្ម រ័ត្នកញ្ញា ភាព​យន្ត និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ការសិក្សានឹងមានវគ្គសំខាន់មូលដ្ឋាន​មួយចំនួន​សម្រាប់សិល្បករមានដូចជា ការសម្តែងភាពយន្ត កំណាព្យ ចម្រៀង កាយសម្ព័ន្ធសិល្បៈ ប្រវត្តិភាពយន្ត ប្រវត្តិអ្នកសម្តែង ក្បាច់គុណបុរាណខ្មែរ និងបរទេស វិចេយ្យកោសល្យ សីលធម៌ជំនាញ វិភាគរឿងភាពយន្ត របាំបុរាណ របាំសម័យជាដើម ដែលក្នុងមួយវគ្គមាន​រយៈ​ពេល៣ខែក្នុងតម្លៃប្រមាណ៣០០ដុល្លារ៕ វឌ្ឍនា

...

   
    
    
    
   
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print