មន្ត្រីបារាំងបានប្រកាសថានឹងបិទទ្វារទីសការៈ ព្រះវិហារអ៊ិស្លាម ២០កន្លែង នៅទូទាំងប្រទេសដោយសារតែកន្លែងទាំងនោះជាប់ពាក់ព័ន្ធនិងការបង្ហាត់បង្រៀនក្រុមអ៊ិស្លាមជ្រុលនិយម ។ ការបិទនោះនឹងចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០១៦។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Bernard Cazeneuve បានបញ្ចាក់ថា ការបិទទ្វារព្រះវិហារអ៊ិស្លាមគឺជាជំហ៊ានដំបូង ហើយរដ្ឋាភិបាលនិងមានវិធានការជាច្រើនទៀតដើម្បីរារាំងអំពើហឹង្សាការវាយប្រហារភេរវកម្មកើតឡើងនៅក្នុងប្រទេសបារាំងនិងនៅតំបន់អឺរ៉ុបទាំងមូល។
សារព័ត៌មាន AFP បានដកស្រងសម្តីលោក Bernard Cazeneuve បញ្ចាក់ថា «គ្មានកន្លែងណាមួយនៅក្នុងប្រទេសបារាំង សម្រាប់ក្រុមជនល្មើសយកធ្វើជាទីតាំងសម្រាប់បំផុះបំផុល ចងគំនុំនៅក្នុងទីកន្លែងសការៈនោះឡើយ។ ទីសការៈទាំងនោះមិនគោរពច្បាប់ជាមូលដ្ឋានរបស់រដ្ឋនិងមិនគោរពច្បាប់តម្លាភាពភេទ។ ទាំងនោះជាមូលហេតុដែលត្រូវបិទទ្វាព្រះវិហារអ៊ិស្លាមមួយចំនួន និងប្រកាសអាសន្នទៅតាមតំបន់នោះ។ មានព្រះវិហាប្រមាណ ២០កន្លែងត្រូវផ្អាកដំណើរការចាប់ពីខែធ្នូ ហើយអាចនឹងមានព្រះវិហារជាច្រើនទៀតត្រូវបិទទ្វារផងដែរ។
លោក Bernard បន្តទៀតថា មានជនអ៊ិស្លាមប្រមាណ ៨០នាក់ត្រូវបណ្តេញចេញពីបារាំងចាប់ពីឆ្នាំ២០១២មក ប៉ុន្តែមិនប្រកាសពីមូលហេតុបណ្តេញនោះឡើយ។
មានព្រះវិហារអ៊ិស្លាមជាង ២៥០កន្លែងនៅទូទាំងប្រទេសបារាំង ក្នុងនោះមាន ១២០ព្រះវិហារបង្ហាញបង្រៀនតាមកម្ពី Salafism ជាកម្ពីតឹងតែងបំផុតពីក្រុងសាសនាអ៊ិស្លាមនិកាយសានី។ ការសម្រេចខាងលើរបស់ក្រសួងមហាផ្ទៃបារាំងបានធ្វើឡើងក្រោយពេលមានការវាយប្រហារភេរវកម្មជាច្រើនកើតឡើង បង្កការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខនៅក្នុងប្រទេសនេះ។
កាលពីថ្ងៃទី០១ ខែសីហា នាយករដ្ឋមន្ត្រីបារាំងលោក Manuel Walls បានប្រកាសថា វាជារឿងដ៏លំបាកសម្រាប់ទីក្រុងបារីស ក្នុងការធានាសេរីភាពដល់សាសនាអ៊ិស្លាម ដោយសារតែការវាយប្រហារនាពេលកន្លងមកបានពាក់ព័ន្ធនិងក្រុមនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី