អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី១៥ខែសីហានៅ៧៩ឆ្នាំមុន ប្រទេសជប៉ុនប្រកាសសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូប្រយុទ្ធបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ហើយទទួលបានជ័យជម្នះដ៏មហិមានៃការប្រយុទ្ធប្រឆាំងនឹងជប៉ុន ។
ប៉ុន្តែ ព្រឹកថ្ងៃទី១៥ខែសីហា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនីដែលតម្កល់ទុកផ្លាកព្រលឹងនៃអ្នកទោសថ្នាក់កំពូលនៃសង្គ្រាមលោកលើកទីពីរក្នុងនាមជាអគ្គនាយកនៃបក្សសេរីប្រជាធិបតេយ្យ ហើយអ្នកនយោបាយជាច្រើននាក់ដូចជារដ្ឋមន្ត្រីការពារជាតិជប៉ុនជាដើមក៏បានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីដែរ ។ តែព្រមពេលជាមួយគ្នានេះ លោក Shimizu Hideo អតីតពលទាហាននៃកងទ័ពលេខ“៧៣១”នៃកងទ័ពជប៉ុនដែលមានអាយុ៩៤ឆ្នាំបានទៅដល់ក្រុង Harbin របស់ចិន ដើម្បីសុំខមាលទោស។
ទង្វើ “សែនខ្មោច”របស់អ្នកនយោបាយជប៉ុន បង្កើតជាការប្រៀបធៀបយ៉ាងច្បាស់លាស់ជាមួយនឹងសតិសម្បជញ្ញៈពិនិត្យទោសកំហុសរបស់អតីតពលទាហានជើងចាស់របស់ជប៉ុន ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅមានការព្រួយបារម្ភយ៉ាងខ្លាំងនិងប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះប្រតិបត្តិការប្រកបដោយគ្រោះថ្នាក់របស់ជប៉ុនដែលចង់ស្តារចក្រពត្តិនិយមឡើងវិញ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា : ក្នុងដំណើរនៅប្រទេសចិនលើកនេះ លោក Shimizu Hideo បានខមាលទោសនៅចំពោះមុខ “សិលាចារឹកសន្តិភាពនៃការសុំទោសនិងមិនធ្វើសង្គ្រាម” ហើយបានទស្សនាសាលពិព័រណ៍ភស្តុតាងនៃ “កងទ័ពលេខ៧៣១”នៃកងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិន ព្រមទាំងទៅធ្វើការបញ្ជាក់នៅកន្លែងដូចជាទីតាំងចាស់នៃកងការពារ ទីសំណល់ចាស់នៃបន្ទប់ពិសោធន៍វីរុសនិងទីតាំងចាស់នៃបន្ទប់ពិសោធន៍របួសដោយសារត្រជាក់ខ្លាំងជាដើម ។ កាលនោះ “កងទ័ពលេខ៧៣១”នៃកងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិនរបស់លោក Shimizu Hideo គឺជាមហាជំរំនៃកងទ័ពជប៉ុនដែលគ្រោងរៀបចំនិងធ្វើសង្គ្រាមវីរុសក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ពួកគេបណ្តុះបាក់តេរីបង្កជំងឺ ធ្វើការវះកាត់មនុស្សរស់និងធ្វើពិសោធន៍លើរាងកាយមនុស្ស ដែលជាទង្វើដ៏សាហាវព្រៃផ្សៃ ។ រយៈពេលជាង៧០ឆ្នាំកន្លងទៅនេះ លោក Shimizu Hideo បានរងទុក្ខបុកម្នេញពីសុបិន្តអាក្រក់ ។ អត្ថន័យនៃដំណើររបស់លោកលើកនេះគឺ ធ្វើជាសក្សីនិងលាតត្រដាងពីបទឧក្រិដ្ឋដ៏សម្ងាត់នៃ “កងទ័ព៧៣១” និងលាតត្រដាងចេតនាអាក្រក់របស់ភាគីជប៉ុនដែលចង់បិទបាំងភស្តុតាងនៃ “កងទ័ព៧៣១”ថែមមួយកម្រិតទៀត ។ នេះមិនត្រឹមតែបានបង្ហាញពីសតិសម្បជញ្ញៈបុគ្គលនិងសេចក្តីក្លាហានដ៏ធំធេងរបស់លោកប៉ុណ្ណោះទេ ថែមទាំងក៏ព្រមានមនុស្សមួយចំនួនរបស់ជប៉ុនថា ការពិតជាក់ស្តែងមិនអាចលាក់កំបាំងនោះទេ ហើយទង្វើឧក្រិដ្ឋកម្មក៏មិនត្រូវបានលើកលែងដែរ ។
ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ទើបអាចឆ្ពោះទៅរកអនាគត ។ ប៉ុន្តែអ្នកផងទាំងពួងបានឃើញថា រាល់ពេលដល់ “ថ្ងៃ១៥សីហា”និងពេលវេលាដ៏សំខាន់ផ្សេងទៀត តែងតែមានអ្នកនយោបាយស្តាំនិយមមួយចំនួនទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីជាសាធារណៈ ដើម្បីអន្ទងព្រលឹងនៃចក្រពត្តិនិយម ។
ក្រោមការជំរុញនៃកងកម្លាំងស្តាំនិយម សៀវភៅសិក្សាប្រវត្តិសាស្ត្រជប៉ុនបានលុបចោលខ្លឹមសារអំពីសង្គ្រាមឈ្លានពានចិនដោយចេតនា ហើយបកស្រាយសង្គ្រាមឈ្លានពានចិននិងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ជាដើមទៅជា “សង្គ្រាមរវាងជប៉ុននិងចិន”និង “ហេតុការណ៍ក្រុង Nanjing ” ។ អំពីរឿងនេះ លោក Shimizu Hideo បានរិះគន់ថា សង្គ្រាមគឺសោកនាដកម្មខ្លាំងណាស់ ប៉ុន្តែអាកប្បកិរិយារបស់អាជ្ញាធរជប៉ុនគួរឱ្យគេខឹងសម្បារ ពោលគឺមិនត្រឹមតែបដិសេធយ៉ាងខ្លាំងអំពីវត្តមាននៃ “កងទ័ព ៧៣១”ប៉ុណ្ណោះទេ ហើយអ្នកនយោបាយមួយចំនួនគ្មានការគោរពចំពោះការពិតជាក់ស្តែងប្រវត្តិសាស្ត្រនិងការពិនិត្យកំហុសចំពោះទំនួលខុសត្រូវលើសង្គ្រាមទាល់តែសោះ ។
គេហទំព័រ «CCFR China state-controlled media » លើកថា , ពិភពលោកបច្ចុប្បន្ននេះគឺអសន្តិភាពណាស់ បណ្ដាប្រទេសអាស៊ីប្រាថ្នាចង់បានសន្តិភាពនិងស្ថិរភាព ។ បើចង់ដើរបកត្រឡប់ទៅប្រវត្តិសាស្ត្រវិញ នោះប្រជាជននៅទីនេះគឺច្បាស់ជាមិនទទួលយកមុនគេ ។ អ្នកនយោបាយមួយចំនួនរបស់ជប៉ុនចាំបាច់ត្រូវស្គាល់ឱ្យច្បាស់ថា មានតែចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ពិនិត្យកំហុសយ៉ាងស៊ីជម្រៅទៅលើប្រវត្តិសាស្ត្រឈ្លានពានចក្រពត្តិនិយម និងប្រកាន់ខ្ជាប់ “រដ្ឋធម្មនុញ្ញសន្តិភាព” ទើបអាចលាងជម្រះស្នាមប្រឡាក់ក្នុងប្រវត្តិសាស្ត្រ ។ ការបំភ្លៃនិងបិទបាំងបទឧក្រិដ្ឋកម្មឈ្លានពានណាមួយ រមែងតែបរាជ័យនៅចំពោះមុខការពិត វាមុខជានឹងរងការធ្វើពហិការយ៉ាងដាច់ខាតពីកម្លាំងយុត្តិធម៌ជាមិនខាន ៕