ខេត្តស្វាយរៀង ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនសង្ស័យជាក្មេងទំនើង ចំនួន ០១ នាក់ ពាក់ព័ន្ធនឹងករណីជិះម៉ូតូដាក់អាវុធតាមខ្លួន (ជាវកែច្នៃ)
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ដែលបង្កដោយក្មេងទំនើងចំនួន ០១ នាក់ បានធ្វើសកម្មភាពជិះម៉ូតូដោយដាក់ដាវកែច្នៃ ចំនួន ០១ ដើមតាមខ្លួន ។ លុះមកដល់ចំណុចស្ពានកំពង់ចក ក៏មានកម្លាំងសមត្ថកិច្ចដែលកំពុងត្រួតពិនិត្យតាម គោលដៅឆែកឆេររកឃើញដាវកែច្នៃ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន រួចក៏ បានឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន ០១ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៩៣ អ.យ.ខ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅចំណុចស្ពានកំពង់ចក ស្ថិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងតាមមាត្រា ៤៥ នៃ
ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕