ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
កងរាជអាវុធហត្ថរាជធានីភំ្នពេញ បានបញ្ជាក់ពីជំហរដាច់ខាតដូចខាងក្រោម៖
ទី១-កងរាជអាវុធហត្ថរាជធានីភំ្នពេញឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រយ៉ាងលើសលប់។
ទី២-កងរាជអាវុធហត្ថរាជធានីភំ្នពេញប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្ករចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
ទី៣-កងរាជអាវុធហត្ថរាជធានីភំ្នពេញ នឹងបង្រ្កាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្តី។
ទី៤-កងរាជអាវុធហត្ថរាជធានីភំ្នពេញ ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយមពួកអគតិទាំងនោះ៕