ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌ កងកម្លាំងទាំងអស់ ត្រូវអនុវត្តការងារព្រមៗគ្នានិងម៉ឺងម៉ាត់ ក្នុងកិច្ច ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋា ភិបាលស្របច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បាន បញ្ជាឱ្យ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨សីហា ឆ្នាំ២០២៤នេះ។
ឯកឧត្ដម បានបញ្ជាបែបនេះ ខណៈឯកឧត្ដមកោះប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងកម្លាំង ប្រដាប់អាវុធទាំង២ ប្រភេទ នៅព្រឹកថ្ងៃទី១៧សីហា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាង៣លាននាក់ ប្រៀបបានទៅនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ១៧លាននាក់នៅទូទាំងប្រទេសដែរពី ព្រោះរាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើង។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការបើកកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីរំលឹកអោយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់កុំអោយមើលស្រាលសភាពការណ៍ ព្រោះថា ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហានេះ ពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហឹង្សាតែម្តង។ ដូច្នេះកម្លាំងទាំងអស់ត្រូវតែម៉ត់ចត់បំផុត ពិសេសចំពោះគោលដៅចូលរាជធានីភ្នំពេញ បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំនិងធ្វើកំណត់ហេតុអោយបានច្បាស់លាស់។ ផ្ទុយទៅវិញបើពិនិត្យឃើញថា ពួកគាត់មានចេតនាចូលមករាជធានីភ្នំពេញដើម្បីធ្វើការរកស៊ីមែននោះ សូមសម្រួលជូនពួកគាត់ភ្លាម។
ឯកឧត្តមឃួង ស្រេង បានបន្ដថា៖ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ពិតជានើយហត់ខ្លាំងហើយ ក្នុងតំណាក់កាលនេះ តែយើងពិតជាមានមោទនភាពខ្លាំងណាស់ដែរ ដែលបានចូលរួមក្នុងកិច្ចការថែរក្សាសន្តិភាពជូនជាតិនិងប្រជាជន៕ . ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print