ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួន ពីបទៈ(រួមគំនិតក្បត់)លេខ៩៩០ ឃខ/២៤ និងលេខ៩៩៣ ឃខ/២៤ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ របស់លោក គង់ រ៉ាវន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែនមានឈ្មោះ សុក ជា ហៅ វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ កាន់សាសនា ព្រះពុទ្ធ កើតនៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្នស្ថិតនៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្រិតវប្បធម៌ រៀនថ្នាក់ទី១២ មុខរបរ កសិករ ស្ថានភាពគ្រួសារ មានប្រពន្ធ និងកូនចំនួន០១នាក់ក្នុងបន្ទុកគ្រួសារ និងឈ្មោះ សន ច័ន្ទសាន ហៅញ៉ោង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ កាន់សាសនា ព្រះពុទ្ធ ទីកន្លែងកំណើតភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន ភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនចំនួន០១នាក់ក្នុងបន្ទុកគ្រួសារ កម្រិតវប្បធម៌ រៀនថ្នាក់ទី០៨ថ្មី មុខរបរ ជាងផ្ទះ ទៅពន្ធនាគារខត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ។ ឲ្យប្រធានពន្ធនាគារខេត្តពោធិ៍សាត់ នៃក្រសួងមហាផ្ទៃ ទទួលជននេះ និងឃុំឃាំងជននេះ រហូតទាល់តែបានទទួលការឲ្យដំណឹងអំពីដីកាសម្រេចថ្មី ផ្សេងពីនេះ នេះបើតាមការបញ្ជាក់ពី លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤ នេះ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងឲ្យដឹងទៀតថា ដោយយោងតាមការបាស់បោរនយោបាយតាមបណ្ដាញសង្គម និងបទបញ្ជាថ្នាក់លើ កម្លាំងមានសមត្ថកិច្ច ស្រាវជ្រាវ ស៌ើបអង្កេត លើគណនីTikTokឈ្មោះ San P S 182 កាន់កាប់ និងប្រើប្រាសដោយឈ្មោះ សន ច័ន្ទសាន ហៅញ៉ោង បានធ្វើការបង្ហោះសារចែកចាយព័ត៌មានក្នុងគោលបំណង ញុះញង់ឲ្យប្រព្រិត្តបទល្មើស ក៍ដូចជាបង្កឲ្យមានចលនាប្រឆាំង និងធ្វើបាតុកម្ម ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
លោក បញ្ជាក់បន្ថែមទៀតថា ក្នុងឱកាសនោះដែរ កម្លាំងយើងបានស្រាវជ្រាវ ស៊ើបអង្កេត លើគណនី ហ្វេសប៊ុក ឈ្មោះ Veasna Sok(វាសនា សុខ)កាន់កាប់ និងប្រើប្រាសដោយឈ្មោះ សុក ជា ហៅជា បានធ្វើការបង្ហោះចែកចាយ ព័ត៌មានមិនច្បាស់លាស់ ក្នុងគោលបំណង ញុះញង់ឲ្យប្រព្រិត្តបទល្មើស ក៏ដូចជាបង្កឲ្យមានចលនាប្រឆាំង និងធ្វើបាតុកម្ម ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ផងដែរ ៕ ដោយ៖ ប៉ឹម ពិន