សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កំពុងធ្វើការរៀបចំ សម្រាប់គម្រោងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ហើយក៏អាចមានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ។
កាសែត Yomiuri បាននិយាយថា ការបំពេញទស្សនកិច្ចនោះ អាចប្រព្រឹត្តទៅរយៈពេលប៉ុន្មានថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Kishida បានប្រកាសថា លោកនឹងមិនប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី សម្រាប់បក្សកាន់អំណាចជប៉ុន LDP ឡើយ។ ប្រការនេះមានន័យថា លោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្រ្តី ពេលដែលលោកផុតអាណត្តិជាមេដឹកនាំបក្ស នៅចុងខែកញ្ញា។
កាលបរិច្ឆេទនៃការបោះឆ្នោតនោះ នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែបើតាម Yomiuri បើឆាប់បំផុតគឺវាអាចប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា។ ប្រសិនបើដូច្នោះ លោក Kishida ទំនងជានឹងត្រូវថ្លែងសារនៅមហាសន្និបាត UN ក្រោយសភាជប៉ុន ជាទីដែលបក្ស LDP កាន់កាប់សំឡេងភាគច្រើន បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។
យោងតាមកាសែត Yomiuri មន្រ្តីមួយចំនួននៅក្នុងរដ្ឋាភិបាលជប៉ុន យល់ថា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ដែលឡើងបន្តពីលោក Kishida មិនគួរអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធជាមួយលោក បៃដិន ឡើយ។ លោក បៃដិន បានសម្រេចមិនបន្តឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា។ លោកត្រូវបានជំនួសដោយអនុប្រធានាធិបតី លោកស្រី Kamala Harris ក្នុងនាមជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវតទល់ជាមួយបេក្ខជនរបស់បក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕ ដោយធីរីណា
រូបថត:VTV