ខេត្តសៀមរាប៖ កងរាជអាវុធហត្ថប្រឆាំងការជួញដូគ្រឿងញៀនខេត្ត បានចុះ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់ តាមដងផ្លូវសាធារណៈ និងដកហូតបានថ្នាំញៀនចំនួន១៦កញ្ចប់តូច រួចបន្តទៅឃាត់ខ្លួនបានប្រុស ស្រីចំនួន៥នាក់ទៀត នៅក្នុងផ្ទះពីបទ រក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងក្រុងសៀមរាបដូចភ្លៀងរលឹម ដឹកនាំសម្របសម្រួលនិតិវិធីដោយកលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ហើយបញ្ជូនមកកាន់ ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ។
ប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ពីបទជូញដូរគ្រឿងញៀនេះធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបានអោយដឹងថា ជនសង្ស័យប្រុស ស្រីចំនួន៦នាក់ មានៈ ទី១/ ឈ្មោះ យិន តឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ (ជួញដូរ) ឃាត់ខ្លួនថ្ងៃទី៣១ ខែកក្កដា នៅតាមផ្លូវ ដកហូតក្នុងខ្លួនបាន១៦កញ្ចប់តូច) ទី២/ ឈ្មោះ ឡុង វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដឹកភ្ញៀវ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វយដង្គំ ក្រុងសៀមរាប (រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ឃាត់ខ្លួនក្នុងផ្ទះ ទី៣/ ឈ្មោះ កង សាវ៉ុន ភេទស្រី អាយុ២២ឆ្នាំ មុខរបរអ៊ុតសក់ មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ (រក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ឃាត់ខ្លួនក្នុងផ្ទះ ទី៤/ ឈ្មោះ អេង រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត(ជួញដូរ) និងជាម្ចាស់ផ្ទះ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ និងទី៥/ ឈ្មោះ អេង រតនេ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ (រក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ឃាត់ខ្លួនក្នុងផ្ទះ និងទី៦/ឈ្មោះ ថាប់ សុវណ្ណរ៉ា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ឈប់រៀន ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម (រក្សាទុកដឹក ជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួនក្នុងផ្ទះ ។
លោកបន្តថា ក្រោយពីចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានធ្វើការឆែកឆេក្នុងផ្ទះជនសង្ស័យរកឃើញថ្នាំញៀនរួចឈានដល់ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរួច ដកហូតបានវត្ថុតាងរួមមានៈម្សៅគ្រឿមពណ៌សថ្លាបានចំនួន៣២កញ្ចប់តូច, ៦កញ្ចប់ធំ មានទម្ងន់២៧,០៩ក្រាម, ទូរស័ព្ទដៃចំនួន៥គ្រឿង, ម៉ូតូចំនួន ៦គ្រឿង,លុយខ្មែរនិងលុយដុល្លាមួយចំនួននិងឧបករសម្រាប់វេចខ្ចប់មួយចំនួនធំនិងដាវសាំម៉ូរៃ២ដើម ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីចំនួន៦នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃ ទី១ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ឡាំ សុធា