ខេត្តស្វាយរៀង៖ មានកាស៊ីណូមួយកន្លែងជិតព្រំដែន ជាប់ច្រករបៀងក្រសាំងជ្រំបានលួចបើកឲ្យវៀតណាមចូលមកលេងល្បែងគគ្រឹកគគ្រេង មានល្បែងប្រជល់មាន់ បៀ គ្រាប់ឡុកឡាក់ ជាដើម សង្ស័យថាគ្មានច្បាប់អនុញាតិ។
ករណីកាស៊ីណូអត់យីហោនេះមានទីតាំងនៅចំណុចព្រំដែនច្រករបៀងក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាស៊ីណូអត់យីហោនេះសង្ស័យគ្មានច្បាប់អនុញ្ញាត្តិទេ គឺបើកលួចលាក់ដោយឃប់ឃិតជាមួយសមត្ថកិច្ចវរៈការពារព្រំដែនដែលយាមនៅច្រករបៀងក្រសាំងជ្រំនោះ។
ប្រភពដដែលបានបន្តទៀតថា កាស៊ីណូអត់យីហោ មួយនេះបើកឲ្យភ្ញៀវជនជាតិវៀតណាមចូលលេងល្បែងក្នុងមួយសប្តាហ៌ ចំនួន៣ថ្ងៃ គឺថ្ងៃអាទិត្យ ថ្ងៃចន្ទ័ និងថ្ងៃព្រហស្ប៌៍ ហើយមានភ្ញៀវចូលលេងប្រមាណជា២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះភ្ញៀវម្នាក់ត្រូវបង់៨ម៉ឺនដុងស្មើ១៤៥០០រៀល ឲ្យសមត្ថកិច្ចនៅច្រករបៀងក្រសាំងជ្រំ។
ទាក់ទិនករណីនេះដែរមន្រ្តីនគបាលវរៈការពារព្រំដែននៃច្រករបៀងក្រសាំងជ្រំម្នាក់បានប្រាប់ឲ្យដឹងថា កាស៊ីណូអត់យីហោ មួយនេះ មានថៅកែ មានងារជាឧកញ៉ាម្នាក់ បើកកាស៊ីណូ នៅឯឃុំសំរោងស្រុកចន្រ្ទា រួចមកបើកសាខានៅក្រសាំងជ្រំនេះ ជាច្រើនឆ្នាំមកហើយ ហើយធ្លាប់បានផ្អាកបីបួនខែមកហើយទើបតែបើកដំណើការក្នុងខែកក្កដានេះ ហើយបញ្ហាមានច្បាប់ឬគ្មានច្បាប់នោះលោកមិនដឹងទេ។
ចំណែកបុរសម្នាក់ដែលជាអ្នកយាមនិងកិបសំបុត្រម៉ូតូនិងរថយន្តបាននិយាយថា គាត់មិនស្គាល់ឈ្មោះថៅកែទេ ខ្លួនគ្រាន់តែយាម ហើយទីនេះគេហាមមិនឲ្យថតទេ ដូច្នេះមិនអាចរកការបំភ្លឺពីថៅកែកាស៊ីណូបានទេនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
ទាក់ទិនករណីនេះដែរ លោកម៉ែនវិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីមានបើកកាស៊ីណូ នៅជិតច្រករបៀងក្រសាំងជ្រំនេះលោកពុំបានដឹងទេ ពីព្រោះលោក(ម៉ែនវិបុល)ទើបឡើងកាន់ជាអភិបាលខេត្ត ប៉ុន្មានខែនេះពុំទាន់បានចុះពិនិត្យ តាមកាស៊ីណូ ទេ ហើយចំពោះថាមានបើកកាស៊ីណូនៅតាមច្ររបៀងមែនគឺ ខុសច្បាប់ហើយ ។
ដោយអាជ្ញាធរខេត្តបានចេញលិខិតជម្រាបជូនស្ថាប័នពាក់ព័ន្ធ និងមកស្រុក-ក្រុង ស្នងការនគបាលខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អនុវត្តន៍តាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បិទគ្រប់ច្រករបៀងខុសច្បាស់ទូទាំងប្រទេស មិនអនុញ្ញាត្តិ ចរាចរណ៍ដឹកទំនិញចេញចូលតាមច្រករបៀង អាជ្ញាធរខេត្ត បានចេញលិខិតឲ្យបិទគ្រប់ច្រករបៀង ជាពិសេសកាស៊ីណូ ដែលមានទីតាំងនៅតាមច្រករបៀង ដូចជា កាស៊ីណូច្រករបៀងប៉ុស្តិប្រាសាទ សង្កាត់ប្រាសាទក្រុងបាវិតបានបិទហើយ។
ចំពោះកាស៊ីណូក្រសាំងជ្រំស្រុកស្វាយជ្រំលោកមិនបានដឹងទេលោកនិងឲ្យមន្រ្តីជំនាញចុះទៅពិនិត្យជាក់ស្តែងសិនបើបើកខុសច្បាប់ឲ្យបិទមិនអនុញ្ញាត្តិឡើយ៕
ដោយ៖ យឹម សុថាន