ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមក្រុមការងារ ១០០រាត្រី ក្នុងនោះក៏មានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ និងសហការី សរុបចំនួន ៤១នាក់ ដែលប្រារព្ធធ្វើឡើងសាលប្រជុំតូចសាលាខេត្តតាកែវ ។
ក្នុងនោះដែលសមាគមក្រុមការងារ ១០០រាត្រី បានចេញអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលនិយមប្រើប្រាស់បណ្ដាញសង្គម ត្រូវពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់នូវប្រភពព័ត៌មាន ចៀសវាងជឿជាក់ និងចែករំលែកព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ហើយកុំឱ្យធ្លាក់ខ្លួនក្លាយជាឧបករណ៍ប្រើប្រាស់របស់ជនអនាមិកទាំងនោះដោយមិនដឹងខ្លួន។
សេចក្តីអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី មួយរយៈចុងក្រោយនេះ សមាគមក្រុមការងារ ១០០រាត្រី បានសង្កេតឃើញថា ក្រុមប្រឆាំងជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបង្កើតសកម្មភាពថ្មីមួយ គឺបើកយុទ្ធនាការបង្កើតព័ត៌មានមិនពិត និងស្វែងរកវីដេអូចាស់ៗយកមកបំផុស ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយ សុខសន្តិភាព និងការអភិវឌ្ឍក្នុងប្រទស ដោយប្រឌិតអោយមានរឿងភ័ន្តច្រឡំមកកាន់រាជរដ្ឋាភិបាល និងបង្កអោយមានភាពវឹកវរក្នុងសង្គម។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងសមាគមក្រុមការងារ ១០០រាត្រី ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងសណ្ដាប់ធ្នាប់ក្នុងសង្គមកម្ពុជាផងដែរ៕ដោយ៖តារា