ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ចេញសេចក្តីប្រកាសបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ Samdech Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ)

ចែករំលែក៖

ភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ចេញសេចក្តីប្រកាសបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ Samdech Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ) ដែលបានផ្សព្វផ្សាយថា “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV”!

សេចក្តីបដិសេធ
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមជម្រាបជូន សាធារណជនឲ្យបានជ្រាបថា៖ នៅវេលាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មានគេហទំព័រហ្វេសប៊ុក មួយដែលមានឈ្មោះហៅ៖ «Samdach Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ)-? បាន ផ្សព្វផ្សាយព័ត៌មានដោយបានសរសេរថា៖ “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាអោយព័ទ្ធ ផ្ទះនិងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV …”។

អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង សូមធ្វើការបដិសេធ និងចាត់ទុកថា ការផ្សព្វផ្សាយ ព័ត៌មានមិនពិតបែបនេះគឺជាការបំផ្លើសដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យទាក់ទងនឹងជំហររបស់ សម្តេចក្រឡាហោម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន ។

អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង យល់ឃើញថាមជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ តែទោះជាយ៉ាងនេះក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាបាន យ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និង ប្រជាជន ។

នៅក្នុងករណីនេះ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការគូសបញ្ជាក់រួចហើយ និងក៏បានធ្វើការអំពាវនាវផងដែរ ដល់ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូន ជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើ គ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ របស់កម្ពុជា នៃល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print