កូនក្រពើភ្នំដែលជិតផុតពូជបំផុត១៤ក្បាលបានញាស់ដោយជោគជ័យនៅដែនជម្រកសត្វព្រៃសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កូនក្រពើភ្នំ ឬហៅថាក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។

បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសម្បុកមួយក្នុងចំណោមសម្បុកចំនួន៥ ខណៈដែលសម្បុកចំនួន៤ទៀតមិនបានជោគជ័យនោះទេ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងបន្ថែមទៀតថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាពបានធ្វើឱ្យចំនួនរបស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។

គួរបញ្ជាក់ថាក្រពើភ្នំគឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០។

ដើម្បីជួយទប់ស្កាត់ប្រភេទសត្វជិតផុតពូជបំផុតមួយនេះពីការផុតពូជ USAID មរតកបៃតង និងដៃគូអភិរក្ស Rising Phoenix បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សមួយកាលពីឆ្នាំទៅ ដោយបាននាំយកសត្វក្រពើភ្នំចំនួន២២ក្បាល ចូលទៅក្នុងតំបន់អភិរក្សនៃដែនជម្រក សត្វព្រៃសៀមប៉ាងឡើងវិញ។

ពិធីលែងក្រពើភ្នំចូលក្នុងតំបន់អភិរក្សនេះ ត្រូវបានរៀបចំដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហគមន៍ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ ព្រឹត្តិការណ៍នេះក៏បានលើកកម្ពស់ការ យល់ដឹងអំពីតួនាទីរបស់ក្រពើភ្នំនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសារសំខាន់នៃការអភិរក្សជីវចម្រុះដល់ប្រជាជនក្នុងតំបន់ផងដែរ។

...

ក្រពើភ្នំដែលលែងទាំងអស់ត្រូវបានគេធ្វើតេស្តហ្សែនជាមុន ដើម្បីធ្វើឱ្យប្រាកដថាវាជាពូជក្រពើភ្នំសុទ្ធ ខុសពីប្រភេទសត្វក្រពើដទៃ។ ពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សនោះទេ។ ចូលរួមជាមួយយើងដើម្បីការពារ និងស្តារប្រភេទសត្វជិតផុតពូជ ដូចជាក្រពើភ្នំនេះឡើងវិញ! រាល់សកម្មភាពចូលរួមរបស់អ្នក គឺពិតជាមានតម្លៃសម្រាប់ការអភិរក្សសត្វព្រៃរបស់យើងកុំឱ្យផុតពូជ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print