ភ្នំពេញ ៖ សម្លែងទ្រហោយំពីឪពុកម្ដាយ និងសាច់ញាតិ ..!ខណៈក្មេងប្រុស០២នាក់ជាបងប្អូនបង្កេីត បានជិះម៉ូតូឌុបគ្នាទៅទិញអីហូបស្រាប់តែទាក់ដៃចង្កូតជាមួយនិងរថយន្តដឹកទំនិញបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលបែកខួរស្លាប់យ៉ាងអាណោចអាធម៏ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះរួមមាន ៖ ទី១ ឈ្មោះអុន វិចិត្រ្តា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស , ទី២ ឈ្មោះ អុន សុវណ្ណារ៉ា ភេទប្រុស អាយុ ៥ឆ្នាំ ។ បច្ចុប្បន្នក្មេងប្រុសទាំង២នាក់រស់នៅបន្ទាប់ជួលជាមួយឪពុកម្តាយ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ។ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JY-4456 ឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែ ទាក់ដៃចង្កូតនិងរថយន្តដឹកទំនិញ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B-9070 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើតបណ្តាលឲ្យម៉ូតូដួលនៅកណ្ដាលផ្លូវ ហេីយក្មេងប្រុសរងគ្រោះទាំងពីរនាក់បានខ្ទាតចូលទៅក្រោមកង់រថយន្តខាងលេីកិនចំក្បាលបែកខួរស្លាប់ទាំង២នាក់ភ្លាមៗតែម្ដង ។ ចំណែកអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននាំយកទៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់វាលស្បូវដើម្បីសួរនាំ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពក្មេងប្រុសទាំងពីរនាក់ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ