ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធីដ៏សែនរីករាយនៃការវិលត្រឡប់នៃព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព។
គួររម្លឹកថា ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យជាតិអន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជារតនៈសម្បត្តិរបស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន។ ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។
ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន។
សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។
ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកសូ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។
សូមបញ្ជាក់ថា ម្លប់សុខសន្តិភាព បានធ្វើឱ្យរាជរដ្ឋាភិបាលខ្មែរ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រឹងប្រែងស្វះស្វែងរកព្រះបដិមាខ្មែរដែលបាត់បង់ក្នុងសម័យសង្គ្រាម ហើយប្រឹងប្រែង តស៊ូផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍នានាយ៉ាងស្វិតស្វាញ នាំមកវិញជាបន្តបន្ទាប់ នូវព្រះបដិមាដែលជារតនៈសម្បត្តិរបស់ខ្មែរ។
កាលពីឆ្នាំ២០២៣ គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំងធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកប្រទេសកម្ពុជាផងដែរ៕ដោយ៖តារា